ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលា ដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

លោកនាយកក្រុមហ៊ុន ក៏បានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីវឌ្ឍនភាពនិងដំណើរការអាជីវកម្មរបស់រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជាបន្ទាប់ពីការសម្ពោធជាផ្លូវការក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីកាលពីថ្ងៃទី២ខែឧសភាឆ្នាំ២០២៤។

បន្ថែមលើនេះ លោកនាយកក្រុមហ៊ុន ក៏បានគោរពជម្រាបជូនសម្ដេចធិបតី អំពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងការបង្កើតសាលាបណ្ដុះបណ្ដាល ជំនាញយានយន្ត (Toyota Academy)នៅកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតី ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កន្លងមកនេះ និងគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេចធិបតី ពាក់ព័ន្ធនឹងការរៀបចំ បង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោក Fujita Ryoji និងគណៈប្រតិភូ ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព រីកចម្រើននៃក្រុមហ៊ុនតូយ៉ូតា។ទន្ទឹមនោះ សម្ដេចធិបតី ក៏បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុនលើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ដោយសម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុន សហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។

ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុន ក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស ទី() ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និងទី២ ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បន្ថែមលើនេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាព ក្នុងការរៀបចំការបណ្តុះបណ្តាលនេះ ឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់តែបម្រើការក្នុងក្រុមហ៊ុន តូយ៉ូតា ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាព នៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេស នាពេលអនាគត។

ជាមួយគ្នានេះ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Toyota Group ពិនិត្យលទ្ធភាពលើចំណុចសំខាន់ចំនួន ២ ដែលរួមមាន៖ () ពិនិត្យលទ្ធភាព និងពិចារណា ក្នុងការផលិតគ្រឿងបន្លាស់ (Spare parts) របស់ក្រុមហ៊ុនតូយ៉ូតា ដែលមិនត្រឹមតែសម្រាប់ការផ្គត់ផ្គង់ ដល់ក្រុមហ៊ុនតូយ៉ូតានៅកម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្គត់ផ្គង់ដល់ក្រុមហ៊ុនតូយ៉ូតា នៅតាមបណ្ដាប្រទេសផ្សេងៗទៀត និង () ពិនិត្យលទ្ធភាព និងពិចារណា លើការភ្ជាប់កិច្ចសហការជាមួយ នឹងបណ្ដាក្រុមហ៊ុនក្នុងស្រុក ដែលអាចផ្គត់ផ្គង់ជាសម្ភារៈបរិក្ខារបន្ទាប់បន្សំ (Accessories) បំពាក់លើរថយន្តតូយ៉ូតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here