ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីក្រុងបាងកក ដែលជាទីក្រុងដ៏មមាញឹកបំផុតមួយនៅក្នុងតំបន់អាស៊ាន បានក្លាយជាគោលដៅនៃការរស់នៅលំដាប់កំពូល សម្រាប់ក្រុមអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភមកពីជុំវិញពិភពលោក។
រាជធានីនៃប្រទេសថៃមួយនេះ សម្បូរទៅដោយបេតិក ភណ្ឌវប្បធម៌ បទពិសោធន៍ធ្វើម្ហូបចម្រុះ និងការលាយបញ្ចូលគ្នារវាងប្រពៃណី និងភាពទំនើប ដែលបានប្រែក្លាយទីក្រុងបាងកកទៅជាទីតាំង ដ៏ទាក់ទាញសម្រាប់ការកម្សាន្ត និងអាជីវកម្ម។ សក្តានុពល និងភាពទាក់ទាញនៅទីក្រុងបាងកក បានជំរុញឱ្យតម្រូវការខុនដូ ប្រណីតកើនឡើង ជាពិសេសនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល(CBD)។
ខាងក្រោមនេះអគារខុនដូ ដែលមានតម្លៃថ្លៃជាងគេបំផុតទាំង៤ នៅទីក្រុងបាងកក ដែលដកស្រង់ចេញពីវេបសាយ Proplism.com៖
ទី១៖ អគារ 98 Wireless
អគារនេះមានកម្ពស់ខ្ពស់កប់ពពក និងជាអគារលំនៅដ្ឋានផ្តាច់មុខ និងមានតម្លៃថ្លៃបំផុតនៅទីក្រុងបាងកក។ អគារនេះត្រូវបានសាងសង់ឡើង ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីឈ្មោះ Sansiri។ ខុនដូនៅក្នុងអគារនេះ មានតម្លៃចាប់ពី១លានបាត(ប្រហែល២៧.១៦៦ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។
ទី២៖ អគារ Scope Langsuan
អគារនេះស្ថិតនៅលើផ្លូវ Langsuan ក្បែរស្ថានីយរថយន្តក្រុង BTS Chidlom។ អគារ Scope Langsuan គឺជាអគារលំនៅដ្ឋានផ្តាច់មុខ ដែលត្រូវបានអភិវឌ្ឍន៍ឡើង ដោយក្រុមហ៊ុន SC Asset ។អគារកម្ពស់៣៤ជាន់មួយនេះមានរចនាបថបែបសហសម័យនៅក្នុងកន្លែងទទួលភ្ញៀវនិងគ្រឿងបរិក្ខារផ្សេងៗ។
ខុនដូនៅក្នុងអគារនេះ មានតម្លៃចាប់ពី៩១៧.៤៣១បាត(ប្រហែល២៤.៩៣០ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។
ទី៣: អគារ Aman Nai Lert Residences Bangkok
អគារនេះស្ថិតនៅលើផ្លូវWireless road ដ៏ល្បីល្បាញក្នុងទីក្រុងបាងកក។ អគារនេះផ្តល់ជូននូវលំនៅដ្ឋាន និងសណ្ឋាគារ។ ដើម្បីធានាបាននូវភាពផ្តាច់មុខ និងឯកជនភាព គម្រោងនេះមានលំនៅដ្ឋាន ត្រឹមតែ៥០យូនីតប៉ុណ្ណោះ និងមានកម្ពស់១៨ជាន់។ ខុនដូនៅក្នុងអគារនេះ មានតម្លៃចាប់ពី៨០ម៉ឺនបាត(ប្រហែល២១.៧៤១ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េ។
ទី៤: អគារ Q1 Sukhumvit
អគារនេះគឺជាប្រភេទលំនៅដ្ឋានប្រណីត ដែលមានកម្ពស់៤០ជាន់ និងមានខុនដូសរុបចំនួន២៧៣យូនីត។ អគារនេះមានទីតាំងនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ដែលត្រូវតភ្ជាប់ទៅកាន់ស្ថានីយរថភ្លើង BTS Nana តាមរយៈផ្លូវដើរលើអាកាសឬហៅថា “Skywalk”។
ខុនដូនៅក្នុងអគារនេះ មានតម្លៃចាប់ពី៤៩៥.៦២៦បាត(ប្រហែល១៣.៤៦៧ដុល្លារអាមេរិក) ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: Proplism៕