ក្រុមហ៊ុនអចលនទ្រព្យចិនគ្រោងដាក់លក់រមណីយដ្ឋានដ៏ស្រស់ស្អាតមួយកន្លែងនៅក្នុងប្រទេសជប៉ុន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Fosun International គ្រោងដាក់លក់រមណីយដ្ឋាន ជិះស្គីទឹកកកមួយកន្លែង នៅក្នុងប្រទេសជប៉ុនដែលមានឈ្មោះថា “Hoshino Resorts Tomamu” ក្នុងទំហំទឹកប្រាក់ចំនួន២៥២លានដុល្លារអាមេរិក។

ផែនការនេះគឺជាផ្នែកមួយ នៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុនខាងលើ ក្នុងការដាក់លក់ទ្រព្យសកម្មទាំងឡាយណា ដែលមិនសូវមានសារៈសំខាន់ចាំបាច់ ដើម្បីប្រមូលសាច់ប្រាក់ និងដោះស្រាយបញ្ហាប្រឈម ដែលខ្លួនកំពុងតែជួបប្រទះ នៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន។

រមណីយដ្ឋាន Hoshino Resorts Tomamu រួមមានកន្លែងជិះស្គី សណ្ឋាគារ និងអាងហែលទឹក។ ក្រុមហ៊ុន Fosun បានទិញរមណីយដ្ឋាននេះ ក្នុងឆ្នាំ២០១៥ ក្នុងតម្លៃ១៨,៣ពាន់លានយ៉េន តាមរយៈក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ Shanghai Yuyuan Tourist Mart

បើយោងតាមផែនការបានឱ្យដឹងថា ក្រុមហ៊ុន Fosun គ្រោ ងនឹងដាក់លក់ភាគហ៊ុន ចំនួន៩៩,៩៩៨ភាគរយ នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនឈ្មោះ Shinsetsu ដែលជាម្ចាស់គ្រប់ គ្រងរមណីយដ្ឋានខាងលើនេះ។

ដោយមានទីតាំងស្ថិតនៅកោះហុកកៃដូ នៃប្រទេសជប៉ុន រមណីយដ្ឋាននេះផ្តល់នូវទិដ្ឋភាពធម្មជាតិដ៏អស្ចារ្យនិងជាគោលដៅដ៏ពេញនិយមក្នុងចំណោមភ្ញៀវទេសចរណ៍ចិននិងភ្ញៀវអន្តរជាតិដទៃទៀត។

កាលពីឆ្នាំ២០២៣កន្លងទៅ ក្រុមហ៊ុនបុត្រសម្ព័ន្ធ Shinsetsu ដែលអ្នកគ្រប់គ្រងរមណីយដ្ឋាន សម្រេចបានទ្រព្យសកម្មសរុបចំនួន៤៣,៨ពាន់លានយ៉េន និងប្រាក់ចំណេញសុទ្ធចំនួន៦១១លានយ៉េន។ នេះបើយោងតាមសារពត៌មាន Nikkei Asia

ថ្មីៗនេះ ក្រុមហ៊ុន Fosun បានលក់ចំណែកភាគហ៊ុនរបស់ខ្លួននៅក្នុងធនាគារ Banco Comercial Portugues និងបានឈានដល់កិច្ចព្រមព្រៀងមួយ ក្នុងខែឧសភាដើម្បីលក់ធនាគារឯកជននៅអាល្លឺម៉ង់ Hauck Aufhauser Lampe ទៅឱ្យធនាគារ ABN Amroរបស់ប្រទេសហូឡង់៕ប្រភព: Nikkei Asia

LEAVE A REPLY

Please enter your comment!
Please enter your name here