ដោយ: គង់ លាងហួរ
ហាណូយ: រដ្ឋាភិបាលវៀតណាម បានតម្រូវឱ្យបណ្តាក្រុមហ៊ុនបរទេសធំៗបង់ពន្ធអប្បរមាជាសកល ដែលការណ៍នេះកំពុងធ្វើឱ្យអ្នកវិនិយោគជាច្រើន ងាកទៅបណ្តាក់ទុននៅតាមប្រទេសផ្សេងទៀត។ នេះបើយោងតាមក្រសួងផែនការ និងវិនិយោគ។
បន្ទាប់ពីវៀតណាម បានចាប់ផ្តើមអនុវត្តន៍ពន្ធអប្បបរមាជាសកលចំនួន១៥% ក្នុងខែមករា ក្រុមហ៊ុនបរទេសជាច្រើនដែលកំពុងប្រតិបត្តិការ ឬគ្រោងចូលវិនិយោគបានទាមទារការលើកទឹកចិត្តផ្នែកហិរញ្ញវត្ថុ ដោយសារផលប៉ះពាល់ពីការបង់ពន្ធ។
-->

ប៉ុន្តែយ៉ាងណាមិញ ការទាមទារមិនបានទទួលបានលទ្ធផលអ្វីឡើយ ដូច្នេះហើយទើបបណ្តាល ឱ្យក្រុមហ៊ុនបរទេសមួយចំនួន សម្រេចចិត្តផ្លាស់មូលដ្ឋាន ចេញទៅកាន់បណ្តាប្រទេសផ្សេងទៀត។
ជាក់ស្តែង ក្រុមហ៊ុនផលិតបន្ទះឈីប AT&S ធ្លាប់បានបង្ហាញបំណងបោះ ទុនវិនិយោគនៅប្រទេសវៀតណាម។ ប៉ុន្តែនៅទីបំផុត ក្រុមហ៊ុននេះបានសម្រេចចិត្តវិនិយោគ នៅប្រទេសម៉ាឡេស៊ីវិញ ដោយសារវៀតណាម មិនបានផ្តល់ការលើកទឹកចិត្ត ឬពុំមានចំនួនកម្មករជំនាញគ្រប់គ្រាន់។

ក្រសួងផែនការ និងវិនិយោគ ក៏បានគូសបញ្ជាក់ផងដែរថា “ការពង្រីកគម្រោងបច្ចេកវិទ្យា ជាន់ខ្ពស់ធំៗមួយចំនួនត្រូវបានទុកចោលមួយឡែកសិន ខណៈអ្នកវិនិយោគទាំងនោះកំពុងរង់ចាំការឧបត្ថម្ភធន”។ ចំណែក បណ្តាក្រុមហ៊ុនធំៗមួយចំនួនទៀត មានបំណងផ្អាកការបណ្តាក់ទុនថ្មី ឬផែនការពង្រីកអាជីវកម្មរបស់ខ្លួន ប្រសិនបើរដ្ឋាភិបាលមិនផ្តល់ជំនួយហិរញ្ញវត្ថុ។
គម្រោងទាំងនោះរួមមាន ដូចជា គម្រោងផលិតឧបករណ៍វេជ្ជសាស្ត្ររបស់ក្រុមហ៊ុនជប៉ុន SMC ដែលមានតម្លៃចន្លោះពី៥០០លានដុល្លារទៅ១ពាន់លានដុល្លារ និងគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន Foxconn ក្រុមហ៊ុន Compal និងក្រុមហ៊ុន Quanta របស់កោះតៃវ៉ាន់។

ក្រសួងបានព្រមានថា ប្រសិនបើគ្មានការឧបត្ថម្ភធន ឬគោលនយោបាយស្រដៀងគ្នាផ្សេងទៀត នោះការអនុវត្តន៍អត្រាពន្ធអប្បបរមាជាសកល នឹងបង្អាក់ប្រសិទ្ធភាពនៃការលើកទឹកចិត្តពន្ធ លើប្រាក់ចំណូលសាជីវកម្ម ហើយប្រទេសវៀតណាម នឹងលែងមានភាពទាក់ទាញគ្រប់គ្រាន់ សម្រាប់អ្នកវិនិយោគបរទេសតទៅទៀតហើយ៕ប្រភព: Vnexpress៕