ក្រសួងពាណិជ្ជកម្ម និងក្រសួងព័ត៌មាន ចុះMOUស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ នៅទីស្ដីការក្រសួងព័ត៌មាន លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម រួមជាមួយលោកនេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយព័ត៌មាន និងព្រឹត្តិការណ៍ទៅក្នុងបណ្តាញផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន

ការចុះអនុស្សរណៈនេះ ធ្វើឡើងក្នុងគោលបំណងរួមគ្នាដើម្បីសហការផលិត និងផ្សព្វផ្សាយមាតិកានានារបស់ក្រសួងពាណិជ្ជកម្ម ឱ្យទៅក្នុងបណ្តាញផ្សព្វផ្សាយគ្រប់ប្រភេទរបស់ក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ក្រុមការងារ របស់ក្រសួងទាំងពីរ ដែលបានខិតខំប្រឹងប្រឹងរួមគ្នា រហូតសម្រេចបាននូវការចុះហត្ថលេខារួមគ្នានាពេលនេះ ដែលនេះគឺជារបត់ថ្មីមួយទៀតនៃការផ្សព្វផ្សាយ ឱ្យបានកាន់តែទូលំទូលាយ នូវព្រឹត្តិការណ៍ ដំណឹង កម្មវិធី និងព័ត៌មានទាំងអត្ថបទ រូបថត រូបភាព វីដេអូ របស់ក្រសួងពាណិជ្ជកម្ម តាមរយៈការជ្រោមជ្រែងពីក្រសួងព័ត៌មាន ដោយស្របតាមទិសស្លោក ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្តនិងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន។

លោកជំទាវរដ្ឋមន្រ្តី បានស្នើដល់ក្រសួងព័ត៌មាន ក្នុងកិច្ចសហការ ពិនិត្យរៀបចំខ្លឹមសារព័ត៌មាន អត្ថបទ រូបភាព ឬវីដេអូ និងសម្លេង បទយកការណ៍ ស្ពត ព្រមទាំងការបណ្តុះបណ្តាលលើការសរសេរខ្លឹមសារព័ត៌មាន ការងារអ្នកនាំពាក្យជូនដល់មន្ត្រី ឬអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

បច្ចុប្បន្នក្រសួងពាណិជ្ជកម្ម មានប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងទំនាក់ទំនងសាធារណៈមួយចំនួនដូចជា៖ ១គេហទំព័រ www.moc.gov.kh, ទំព័រហ្វេសបុក (ក្រសួងពាណិជ្ជកម្ម Ministry of Commerce), តេឡេក្រាមឆានែល (ក្រសួងពាណិជ្ជកម្ម Ministry of Commerce), យូធូប (Ministry of Commerce, Cambodia), ប្រព័ន្ធ X (Ministry of Commerce, Cambodia), អ៊ីម៉ែល ([email protected]) ប្រព័ន្ធទូរស័ព្ទសាធារណៈក្រសួងពាណិជ្ជកម្ម 1266

LEAVE A REPLY

Please enter your comment!
Please enter your name here