ម៉ាឡេស៊ី និងថៃគ្រោងបង្កើតទីក្រុងភ្លោះនៅតំបន់ព្រំដែន ដើម្បីជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង២

ចែករំលែក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ប្រទេសម៉ាឡេស៊ី និងថៃគ្រោងពិភាក្សាគ្នា​អំពី​ការ​បង្កើត​ក្រុម​ការងារ ​សហការ​លើ​ផ្នែកពាណិជ្ជកម្ម និង​ការ​វិនិយោគ​ឆ្លង​ព្រំដែន​ រវាង​ក្រសួង​វិនិយោគ ពាណិជ្ជកម្ម និង​ឧស្សា​ហកម្ម​របស់​ម៉ាឡេស៊ី និង​ក្រសួង​ពាណិជ្ជកម្ម​ថៃ។

ម៉ាឡេស៊ី​គ្រោង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​កិច្ច​ពិភាក្សា​ទាំង​នេះ​នៅ​ចុង​ខែ​កក្កដា។ ជាមួយគ្នានេះ ប្រទេស​ថៃ​ ក៏​បាន​ស្នើ​ឱ្យមានការបង្កើតគម្រោង​ទីក្រុង​ភ្លោះ​(Twin city) ដើម្បី​អភិវឌ្ឍ​ន៍បណ្តាខេត្ត​ភាគ​ខាងត្បូង​​ចំនួន​៥របស់​ខ្លួន​ តាមរយៈ​ភាព​ជា​ដៃគូ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី។

ក្រោមគំនិតផ្តួចផ្តើមបង្កើត ទីក្រុងភ្លោះនេះ ខេត្ត Satun ខេត្ត Songkhla ខេត្ត Yala ខេត្ត Pattani និងខេត្ត Narathiwat របស់ថៃ នឹងត្រូវបានផ្គូផ្គង ជាមួយរដ្ឋចំនួន៥របស់ម៉ាឡេស៊ី  រួមមាន រដ្ឋ Perlis រដ្ឋ Kedah រដ្ឋPerak រដ្ឋ Terengganu និងរដ្ឋ Kelantan ។

លោក Phumtham Wechayachai រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានលើកឡើងថា “គំនិតផ្តួចផ្តើមនេះ មានគោលបំណងប្រែក្លាយតំបន់ជម្លោះ ក្នុងខេត្តទាំងនេះទៅជាតំបន់ពាណិជ្ជកម្ម និងថែមទាំងអាចជំរុញ ឱ្យមានសន្តិភាពនៅតាមច្រកព្រំដែន”។

លើសពីនេះ លោក Phumtham បានស្នើឱ្យភាគីម៉ាឡេស៊ី ជួយពន្លឿនការពិចារណា លើសេចក្តីព្រាងអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការដឹកជញ្ជូនទំនិញឆ្លងដែន និងការដឹកអ្នកដំណើរ ព្រមទាំងសម្រួលដល់សកម្មភាពពាណិជ្ជកម្ម តាមព្រំដែនរវាងប្រទេសថៃ និងម៉ាឡេស៊ី ខណៈភាគីទាំង២គ្រោងចុះហត្ថលេខាលើ MoU នៅចុង​ឆ្នាំនេះ។

ប្រទេសទាំង២ក៏បានបង្ហាញបំណង បង្កើតភាពជាដៃគូថ្មី ដែលនឹងផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ច និងសហគ្រិន ដោ​យស្របតាមគោលនយោបាយ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម កាត់បន្ថយរបាំងពាណិជ្ជកម្ម និងបង្កើនទំហំពាណិជ្ជកម្មទ្វេរភាគី។

បច្ចុប្បន្ន ម៉ាឡេស៊ី​គឺជា​ដៃគូ​ពាណិជ្ជកម្ម ​ធំបំផុតលេខ​១​របស់​ប្រទេសថៃ​ក្នុង​តំបន់អាស៊ាន​​។ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំង២ សម្រេចបានទឹកប្រាក់សរុប ចំនួន២៥ពាន់លានដុល្លារកាលពីឆ្នាំមុន និង១១ពាន់លានដុល្លារក្នុងអំឡុងរយៈពេល៥ខែដំបូងដើមឆ្នាំ២០២៤នេះ៕ប្រភព: Bangkok Post៕


ចែករំលែក