ដោយៈ គង់ សូរិយា
ពោធិសាត់ៈ ក្រុមមន្រ្តី គណៈកម្មការអន្តរក្រសួង បានចុះពិនិត្យទីតាំងនៃគម្រោងស្នើសុំបង្កើត “តំបន់សេដ្ឋកិច្ចពិសេស”ក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។
គម្រោងនេះ គ្រោងនឹងរៀបចំឡើង លើផ្ទៃដីទំហំជាង ១៤០ហិកតា ដែលបង្ហាញពីសញ្ញាល្អ សម្រាប់សេដ្ឋកិច្ចកម្ពុជា។
-->
ការចុះពិនិត្យកាលពីថ្ងៃទី៨ កក្កដា បានដឹកនាំដោយលោកហេង សុខណាង អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំគណៈកម្មការអន្តរក្រសួង –ស្ថាប័នចំនួន១៣ ចុះពិនិត្យទីតាំងនៃគម្រោងស្នើសុំ បង្កើតតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Pursat Special Economic Zone Co., Ltd.។
គម្រោងស្នើសុំនេះ មានទីតាំងស្ថិតនៅក្បាលដីលេខ ៤៦៦ត្រង់គីឡូម៉ែត្រលេខ១៥៤ លើផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ លើផ្ទៃដីទំហំជាង ១៤០ហិកតា។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចាត់ទុកការស្នើសុំគម្រោងវិនិយោគថ្មីនាពេលនេះ បង្ហាញអំពីភាពជោគជ័យក្នុងការរីកចម្រើន របស់សង្គមសេដ្ឋកិច្ចកម្ពុជា ជាពិសេសការផ្តល់នូវជំនឿទុកចិត្ត ពីសំណាក់វិនិយោគិន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំអន្តរក្រសួង និងការចុះពិនិត្យទីតាំងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ បានបញ្ចប់ប្រកបដោយជោគជ័យ ក្រោមបរិយាកាសរីករាយ និងស្និតស្នាលជាទីបំផុត ដោយគណៈកម្មាការអន្តរក្រសួង បានពិនិត្យយ៉ាងម៉ត់ចត់ គ្រប់ជ្រុងជ្រោយ និងបានលើកឡើងនូវកាតព្វកិច្ច ដែលក្រុមហ៊ុនត្រូវបំពេញឱ្យសមស្រប តាមលក្ខណៈបច្ចេកទេស និងនីតិវិធីច្បាប់ជាធរមាន។