ដោយ: គង់ លាងហួរ
អន្តរជាតិ: សណ្ឋាគារលំដាប់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ដែលមានឈ្មោះថា Atlantis The Royal បានចំណា យរយៈពេលសាងសង់អស់៨ឆ្នាំ និងទុនវិនិយោគប្រមាណ១,២៥ពាន់លានដុល្លារ។
សណ្ឋាគារលំដាប់ខ្ពស់មួយនេះ មានកម្ពស់ចំនួន១៩៣ម៉ែត្រ ដែលមាន៤៤ជាន់ និងមានបន្ទប់ចំនួន៧៩៥បន្ទប់ និងត្រូវបានបំពាក់ ទៅដោយគ្រឿងបរិក្ខារប្រណីតៗ ភោជនីយដ្ឋាន បារ និងក្លឹបនៅលើកំពូលអគារ ព្រមទាំងមានអាងហែលទឹកចំនួន៩៤ផងដែរ។
-->
សណ្ឋាគារនេះក៏រួមមានផងដែរ នូវម៉ាកយីហោភោជនីយដ្ឋានជប៉ុនល្បីៗ ដូចជា ក្រុមហ៊ុនNobu និងក្រុមហ៊ុន Hakkasan និងមានមេចុងភៅល្បីៗ រួមមានលោក Heston Blumenthal លោក José Andrés លោកស្រី Ariana Bundy និងលោក Gordon Ramsay។
សណ្ឋាគារ Atlantis The Royal មានបន្ទប់ធំទូលាយ ដែលពោរពេញទៅដោយពន្លឺ និងបំពាក់ដោយគ្រឿងសង្ហារឹមប្រណីតៗ។ អតិថិជនដែលចូលមកស្នាក់នៅ អាចមានឱកាសគយ គន់មើលទិដ្ឋភាពសមុទ្រ ដ៏ស្រស់ស្អាតនៅខាងក្រៅ។
បន្ថែមពីលើនេះ សណ្ឋាគារ Atlantis The Royal ក៏ផ្តល់ជូនសេវាកម្មស្ប៉ា ដែលរួមមាន អាងហែលទឹក ស្ទីមសូណា និងកន្លែងសមាធិ ព្យាបាលជំងឺផ្លូវចិត្ត ដោយប្រើប្រាស់ពណ៌(Chromotherapy)។

សណ្ឋាគារ Atlantis The Royal ស្ថិតនៅលើកោះសិប្បនិម្មិត ដែលមានឈ្មោះថាPalm Jumeirah។ សណ្ឋាគារនេះបានចាប់ផ្តើមសាងសង់កាលពីឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរនៅក្នុងឆ្នាំ២០២៣។
គម្រោងនេះគឺជាស្នាដៃដ៏អច្ឆរិយ: ដែលទាមទារស្ថាបត្យករដែលមានជំនាញខ្ពស់ ដោយសារតែសណ្ឋាគារនេះ មានការរចនាឌីហ្សាញម៉ូដដ៏ស្មុគស្មាញបំផុត។ ជាក់ស្តែង អ្នកអភិវឌ្ឍន៍ បានជ្រើសរើសទីប្រឹក្សា សរុបចំនួន៥៤នាក់មកពីបណ្តាប្រទេ សចំនួន១៤ ដើម្បីធ្វើការរួមគ្នា និងសម្រេចបាននូវការរចនាសណ្ឋាគារមួយនេះឡើង។
តម្លៃស្នាក់នៅសណ្ឋាគារ Atlantis The Royal មានការប្រែប្រួលទៅតាមថ្ងៃនីមួយៗក្នុងមួយសប្តាហ៍។ ជាក់ស្តែង នៅថ្ងៃអាទិត្យ ការស្នាក់នៅក្នុងមួយយប់ មានតម្លៃ៧១៥ដុល្លារ។ នៅថ្ងៃច័ន្ទ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៨៩៨ដុល្លារ។
ចំណែក នៅថ្ងៃអង្គារ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៦៧១ដុល្លារ ខណៈនៅថ្ងៃពុធ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៧២៧ដុល្លារ។ រីឯ នៅថ្ងៃព្រហស្បតិ៍ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៧៧៤ដុល្លារ ខណៈនៅថ្ងៃសុក្រ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៥៩០ដុល្លារ ហើយនៅថ្ងៃសៅរ៍ ការស្នាក់នៅក្នុងមួយយប់មានតម្លៃ៧៤៨ដុល្លារ៕ប្រភព:Kayak.com៕