ក្រសួងបរិស្ថាននឹងរៀបចំពិព័ណ៌ផ្សព្វផ្សាយនិងចែកកូនឈើក្រោមមូលបទ “ពន្លកបៃតង”

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទពន្លកបៃតងនិងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។

ពិព័ណ៌នេះ នឹងប្រារពធ្វើនៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ និងចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ នៅតាមមន្ទីរបរិស្ថានរាជធានីខេត្ត។

រហូតមកទល់ល្ងាចថ្ងៃអង្គារ ទី៩ ខែកក្កដា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានទាំងអស់ របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានីខេត្តទាំង២៥  អង្គការដៃគូ សហគមន៍តំបន់ការពារធម្មជាតិ និងស្តង់ពិព័រណ៍ផលិតផលខ្មែរ បានរៀបចំរួចជាស្រេច ដោយមានការតាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹងស្តីពី ការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះ ពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព។

នៅល្ងាចថ្ងៃដដែល លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ បានអញ្ជើញពិនិត្យស្តង់ពិពរណ៍ផ្សព្វផ្សាយនិងចែកកូនឈើ ក្រោមមូលបទពន្លកបៃតង។ សូមសាធារណជនទាំងអស់ ចូលរួមព្រឹត្តិការណ៍ពិព័រណ៍នេះ ឱ្យបានច្រើនកុះករ ជាពិសេសអាចទទួលបានកូនឈើចម្រុះទៅដាំនៅតាមគេហដ្ឋាន ដោយឥតគិតថ្លៃផងដែរ៕

#moe #ពន្លកបៃតង #កម្ពុជាស្អាតខ្មែរធ្វើបាន

#ភាពស្អាត #ភាពបៃតង #ចីរភាព

LEAVE A REPLY

Please enter your comment!
Please enter your name here