វិនិយោគិនចិនជាច្រើនសម្រុកទិញដី និងរោងចក្រនៅប្រទេសថៃ ដើម្បីអភិវឌ្ឍន៍នាពេលខាងមុខ

ចែករំលែក

ដោយ: គង់ លាងហួរ

បាងកក: បណ្តាក្រុមអ្នកវិនិយោគចិនជាច្រើន បានចាប់ដៃគូជាមួយក្រុមហ៊ុនថៃ ដើម្បីទិញដីឡូតិ៍ និងរោងចក្ររបស់ក្រុមហ៊ុនអាជីវកម្ម ដែលបានបិទទ្វារពីទីភ្នាក់ងារគ្រប់គ្រងបំណុល Bangkok Commercial Asset Management (BAM)។

លោក Bundit Anantamongkol ប្រធាន និងជានាយកប្រតិបត្តិទីភ្នាក់ងារ BAM បានលើកឡើងថា វិនិយោគិនចិនបានទិញដី រោងចក្រឧស្សាហកម្ម និងឃ្លាំងដែលទីភ្នាក់ងារ BAM បានប្រកាសដាក់លក់នៅឆ្នាំនេះ ដែលភាគច្រើនមានទីតាំងនៅខេត្ត Rayong។

យ៉ាងណាមិញ លោក Bundit មិន​បាន​បង្ហាញ​ព័ត៌មាន​លម្អិត​ជុំវិញដំណឹងនេះ​នោះទេ។ លោកគ្រាន់តែបានអះអាងថា “វិនិយោគិនចិនបានចូលមកទិញ អចលនទ្រព្យយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយសារតែតម្លៃបានធ្លាក់ចុះ ហើយពួកគេមានគម្រោងពង្រីកអាជីវកម្មរបស់ខ្លួន នៅប្រទេសថៃនាពេលខាងមុខ”។

លោករំពឹងថា “ប្រភេទអចលនទ្រព្យមិនដំណើរការ ឬក្ស័​យធន(NPAs) ដែលមានតម្លៃមិនលើសពី៣លានបាត នឹងត្រូវបានលក់មកឱ្យទីភ្នាក់ងារ BAM បន្ថែមទៀត ដើម្បីលក់ឡាយឡុង បន្តទៅឱ្យអតិថិជនថ្មី នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ”។

ទីភ្នាក់ងារ BAM បានជួយសម្រួលបន្ទុកដល់ស្ថាប័នហិរញ្ញវត្ថុនានា តាមរយៈការគ្រប់គ្រងបំណុលអាក្រក់ និងទិញយកគម្រោងអចលនទ្រព្យដែលក្ស័យធន។ ទីភ្នាក់ងារនេះក៏បានគ្រប់គ្រង និងលក់អចលនទ្រព្យមួយចំនួនផងដែរ រួមមានដូចជាផ្ទះ ដីធ្លី និងខុនដូជាដើម។

លោក Bundit បានព្យាករណ៍ថា “បណ្តាធនាគារពាណិជ្ជ និងក្រុមហ៊ុនសាជីវកម្ម គ្រប់គ្រងទ្រព្យសកម្មនានា គ្រោងលក់អចលនទ្រព្យ ដែលមិនដំណើរការ (NPAs) បន្ថែមទៀតមកកាន់ទីភ្នាក់ងារ BAM ក្នុងឆមាសទី២ ស្របតាមការណែនាំរបស់ធនាគារកណ្តាលថៃ”៕ប្រភព: The Nation ៕


ចែករំលែក