ក្រុមហ៊ុន URB ប្រកាសសាងសង់តំបន់មួយនៅក្នុងទីក្រុងឌូបៃ ទៅជាទីក្រុងបៃតងខ្នាតយក្ស

ចែករំលែក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ផែនការសម្រាប់ការសាងសង់ គម្រោងធំថ្មីមួយ ដែលនឹងធ្វើឱ្យទីក្រុងឌូបៃ នៅប្រទេសអារ៉ាប់រួមក្លាយជា “ទីក្រុងផ្លូវហាយវ៉េបៃតង ធំជាងគេបំផុតរបស់ពិភពលោក” ត្រូវបានដាក់តាំង បង្ហាញដោយក្រុមហ៊ុនខ្នាតយក្សមួយ។

គម្រោងនេះមានឈ្មោះថា “Dubai Green Spine”ដែលត្រូវបានរចនាឡើង ដើម្បីប្រែក្លាយមហាវិថី Sheikh Mohammad Bin Zayed Road នៅក្នុងទីក្រុងឌូបៃ ទៅជាច្រករបៀងបៃតងប្រកបដោយនិរន្តរភាព ដែលមានប្រវែង៦៤គីឡូម៉ែត្រ។

គម្រោងដ៏មានមហិច្ឆតាមួយនេះ គឺស្របតាមផែនការមេអភិវឌ្ឍន៍ទីក្រុង “Dubai ឆ្នាំ២០៤០” ដែលរួមមានការសាងសង់ប្រព័ន្ធរថភ្លើង ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលតភ្ជាប់សង្កាត់ធំៗជាច្រើន នៅក្នុងទីក្រុងឌូបៃជាមួយតំបន់ភាគឦសា​ននៃទីក្រុង និងតំបន់ជាយទីក្រុងឌូបៃ។

ទីក្រុង​ឌូបៃ​គ្រោង​នឹង​ប្រែក្លាយ​ខ្លួនទៅជា ​“ទីក្រុង​រយៈពេ​ល២០នាទី​” ដែល​មានន័យថា ប្រជាជន​អាច​ធ្វើដំណើរទៅ​ដល់​កន្លែង​ណា​មួយ​ ដោយ​ថ្មើរ​ជើង​ ឬ​ដោយ​ការជិះកង់​ក្នុង​រយៈពេលត្រឹមតែ២០នាទី​ប៉ុណ្ណោះ។

ជាមួយនឹងដើមទុនវិនិយោគ ចំនួនជាង៩,៨ពាន់លានអាមេរិក នៅក្នុងផែនការនេះ ក៏នឹងរួមមានការដាំដើមឈើជាងមួយលានដើម ព្រមទាំងមានការបង្កើតកសិដ្ឋាន និងសួនច្បារក្នុងទីក្រុង ដើម្បីលើកកម្ពស់ការរស់នៅ ប្រកបដោយនិរន្តរភាព។

ផែនការសម្រាប់ការអភិវឌ្ឍន៍គម្រោងនេះ ត្រូវបានដាក់តាំងបង្ហាញ ដោយក្រុមហ៊ុនរៀបចំផែនការទីក្រុង និងការអភិវឌ្ឍន៍ (URB) ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ។ ប៉ុន្តែរដ្ឋាបាលទីក្រុងឌូបៃ មិនទាន់បានប្រកាសពីគម្រោងនេះ ជាផ្លូវការនៅឡើយនោះទេ។

ក្រុមហ៊ុន URB ធ្លាប់បានប្រកាសពីផែនការដាំដើមកោងកាងចំនួន១០០លានដើម និងផែនការសាងសង់ផ្លូវដើរថ្មើរជើង និងផ្លូវសម្រាប់អ្នកជិះកង់ ប្រវែង៩៣គីឡូម៉ែត្រ ដែលមានឈ្មោះថា “The Loop”។

ក្រុមហ៊ុនប៉ាន់ស្មានថា ប្រសិនបើគម្រោងទាំងនេះត្រូវបានសាងសង់បញ្ចប់រួចរាល់ នោះតំបន់ទីក្រុងបៃតងថ្មីនេះ នឹងជួយកាត់បន្ថយការបំភាយឧស្ម័នកាបូនិក CO2 របស់ទីក្រុងឌូបៃចំនួន១លានតោនក្នុងមួយឆ្នាំ និងអាច​ប្រមូល​ផល​ថាមពល​ស្អាតបានចំនួន៣០០មេហ្គាវ៉ាត់ និង​ផ្គត់ផ្គង់ថាមពល​ដល់ផ្ទះ​ប្រមាណ១៣០.០០០ខ្នង។

ប្រសិនបើគម្រោងត្រូវបានអនុម័ត  ក្រុមហ៊ុនរៀបចំផែនកា​រទីក្រុង និងការអភិវឌ្ឍន៍ (URB) ជឿជាក់ថា គម្រោងនេះអាចនឹងត្រូវបានសាងសង់ឡើង ជា៤ដំណាក់កាលផ្សេងៗគ្នា ក្នុង    រយៈពេល១០ឆ្នាំ៕ប្រភព: TimeOut៕


ចែករំលែក