ថៃកំណត់យកខែសីហា ដើម្បីស្ទាបស្ទង់ចំនួនពលរដ្ឋចិន មកទស្សនាកោះភូកេតក្នុងត្រីមាសទី៤

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមអ្នកជំនាញអះអាងថា នៅខែសីហាខាងមុខ គឺជាខែមួយដ៏សំខាន់ សម្រាប់ព្យាករណ៍ចំនួនពលរដ្ឋចិន ដែលនឹងមកទស្សនាកោះភូកេត នៅត្រីមាសទី៤ ខណៈការផ្គត់ផ្គង់ខុនដូនៅលើកោះនេះ បានកើនឡើងខ្ពស់បំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Thailand បានលើកឡើងថា ជាធម្មតា ទីភ្នាក់ងារទេសចរណ៍ចិន តែងមកទស្សនាកោះភូកេតក្នុងខែសីហា ដើម្បីស្វែងរកកន្លែងស្នាក់នៅ និងស្ទាបស្ទង់ផលិតផលទេសចរណ៍ ក្នុងគោលដៅរៀបចំដំណើរកំសាន្ត ក្នុងខែតុលាខាងមុខ។

លោកបានបន្តថាការមកដល់នៃទីភ្នាក់ងារទេសចរណ៍ចិននៅខែក្រោយ នឹងអនុញ្ញាតឱ្យយើងអាចធ្វើការ ស្ទាបស្ទង់មើលថា តើពលរដ្ឋចិននឹងមកលេងកំសាន្ត នៅកោះភូកេតក្នុងត្រីមាសទី៤ខាងមុខ ដែរឬទេ?”។ លោកជឿជាក់ថាការវិលត្រឡប់មកវិញរបស់ភ្ញៀវទេសចរណ៍ចិន នឹងផ្តល់ផលវិជ្ជមានចំពោះទីផ្សារខុនដូ នៅលើកោះនេះ ព្រោះនាពេលកន្លងមក ចិនគឺជាជនជាតិបរទេស ដែលទិញខុនដូច្រើនជាងគេនៅប្រ ទេសថៃ

យោងតាមមជ្ឈមណ្ឌលព័ត៌មាន អចលនទ្រព្យថៃ(REIC) បានរាយការណ៍ថា ជនជាតិចិន និងរុស្ស៊ីបាននាំមុខគេ ក្នុងចំណោមជនបរទេសផ្សេងទៀត ដែលទទួលបានការផ្ទេរខុនដូច្រើនជាងគេបង្អស់ ក្នុងអំឡុងឆ្នាំ២០១៨ និងឆ្នាំ២០២៣។

លោក Nattha បានព្យាករណ៍ថាការផ្គត់ផ្គង់ខុនដូថ្មីសរុបចំនួន៥.៧៣៩យូនីត នឹងត្រូវបានដាក់បញ្ចូល ទៅក្នុងទីផ្សារនៅកោះភូកេតក្នុងឆ្នាំ២០២៤នេះ ហើយការត្រលប់មកវិញរបស់ពលរដ្ឋចិន ពិតជាមានសារៈសំខាន់ណាស់

លោកNattha បានបន្ថែមថា ជនជាតិចិនដើរតួនាទីយ៉ាងសំខាន់នៅក្នុងទីផ្សារខុនដូ ដោយសារពួកគេចូលចិត្តកំសាន្តនៅលើកោះនេះ ពេញមួយឆ្នាំតែម្តង មិនដូចជនជាតិអឺរ៉ុប ដែលភាគច្រើនមកលេង ក្នុងរដូវកាល High season ខណៈពលរដ្ឋមកពីតំបន់មជ្ឈឹមបូព៌ា និងឥណ្ឌាចូលចិត្តមកកំសាន្តនៅរដូវវស្សា៕ប្រភព: Bangkok Post

LEAVE A REPLY

Please enter your comment!
Please enter your name here