តើអ្នកអាចរៀនអ្វីខ្លះពីមហាសេដ្ឋីលំដាប់ពិភពលោក Warren Buffett

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ បច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិសរុបប្រមាណជា១៣០ពាន់លានដុល្លារហើយគាត់អាចបង្កើតភាពមានបានដូចសព្វថ្ងៃដោយសារខិតខំប្រឹងប្រែងរកលុយសន្សំលុយនិងវិនិយោគលុយរបស់គាត់ឲ្យកើតជាកូនពូនជាចៅ។

កាលនៅវ័យ៦ឆ្នាំ គាត់ជាក្មេងដើរលក់ស្ករកៅស៊ូហើយគោលការណ៍លក់របស់គាត់គឺលក់ជាដុំ មិនលក់រាយមួយៗឲ្យគេឡើយ។ នៅក្នុងវ័យកុមារគាត់ ក៏ជាក្មេងដើរលក់ភេសជ្ជៈកូកាកូឡាផងដែរ ដោយទិញកូកាកូឡា ជាលក្ខណៈបោះដុំហើយយកមកលក់រាយបានចំណូលកាក់សេន។

ចំណែកការងារវ័យកុមារ ដែលធ្វើឲ្យគាត់រកលុយបានច្រើន គឺការងារដឹកជញ្ជូនកាសែត The Washington Post ដើរលក់តាមផ្ទះគេឯង។ ការងារនេះ គាត់មិនមែនធ្វើតែម្នាក់ឯងទេ តែគាត់ក៏ជួលក្មេងៗ មានវ័យស្រករគ្នាឲ្យជួយដឹកលក់ផងដែរ។ ក្រោយពីខិតខំធ្វើការ ដែលបានរៀបរាប់ខាងលើ គាត់សន្សំលុយបាន១២០០ដុល្លារ ហើយលុយនេះ គាត់យកទៅទិញដីកសិដ្ឋាន ដែលមានទំហំ១៦ម៉ឺនម៉ែត្រការ៉េ នៅក្នុងរដ្ឋ Nebraska  បន្ទាប់មកគាត់បានចាប់ផ្ដើមវិនិយោគជាបន្តបន្ទាប់ទៅលើភាគហ៊ុននិងអចលនទ្រព្យដែលធ្វើឲ្យគាត់កសាងទ្រព្យរាប់ពាន់លានដុល្លារដល់សព្វថ្ងៃ។

គាត់ត្រូវបានគេចាត់ទុកជាអ្នកវិនិយោគជោគជ័យបំផុតក្នុងប្រវត្តិសាស្រ្តអាចហៅបានថាជាស្ដេចវិនិយោគប្រចាំសតវត្សទី២១ហើយ។

នៅវ័យ១១ឆ្នាំ គាត់ចេះទិញហ៊ុនដោយទិញហ៊ុន ក្នុងតម្លៃ៣៨ដុល្លារក្នុង១ហ៊ុន។ មិនយូរប៉ុន្មានពេលហ៊ុនគាត់ឡើងដល់៤០ដុល្លារ ក្នុងមួយហ៊ុនគាត់ក៏លក់ចេញភ្លាម។ យ៉ាងណាមិញហ៊ុនដែលគាត់លក់ក្នុងតម្លៃ៤០នោះ មិនបានមួយឆ្នាំស្រួលបួលផងក៏ឡើងដល់២០០ដុល្លារក្នុងមួយហ៊ុន។ការទិញលក់ហ៊ុនតាមអារម្មណ៍បានបង្រៀនគាត់នូវមេរៀនដ៏មានតម្លៃនោះគឺចេះអត់ធ្មត់ហើយវិនិយោគជាមួយភាពច្បាស់លាស់។

គាត់អនុវត្តមេរៀននេះ ក្នុងការវិនិយោគដែលធ្វើឲ្យគាត់កសាងទ្រព្យសម្បត្តិ ពីការវិនិយោគហ៊ុន បានរាប់ពាន់លានដុល្លារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here