តើសេដ្ឋវិទូវាយតម្លៃយ៉ាងដូចម្តេចចំពោះសុខភាពសេដ្ឋកិច្ច អាមេរិក?

ចែករំលែក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមសេដ្ឋវិទូបាន​​លើក​ឡើង​​ថា​ សេដ្ឋកិច្ច​របស់សហរដ្ឋ​អាមេរិក​ កំពុង​បង្ហាញ​សញ្ញា​កាន់​តែ​ច្បាស់​អំពី​ការធ្លាក់ចុះនៃសន្ទុះកំណើន​​ បន្ទាប់ពី​​ទិន្នន័យបង្ហាញថា ​​អត្រាអ្នកគ្មានការងារធ្វើ​​នៅអាមេរិកបានកើនឡើង ខណៈ​ប្រាក់​​ឈ្នួល​​ប្រចាំ​ខែ​មិថុនា ត្រូវបានដំឡើងក្នុងកម្រិតទាបបំផុត។ ​

លោក​ Matthew Boesler ​សេដ្ឋវិទូអាមេរិកដ៏ល្បីល្បាញមួយរូបប្រចាំសារពត៌មាន Bloomberg បានអះអាងថា​ ​កំណើនប្រាក់ឈ្នួលប្រចាំ​ខែ​មិថុនា​ ដែល​ជា​សូចនាករដ៏​សំខាន់​មួយ​សម្រាប់​ស្ទាបស្ទង់ ស្ថានភាព​សេដ្ឋកិច្ច​អាមេរិក បាន​កើនឡើងក្នុងកម្រិតទាបបំផុត មិនធ្លាប់មានគិតចាប់តាំង​ពី​ឆ្នាំ​២០២១​។ 

យោងតាមរបាយការណ៍ ពីការិយាល័យស្ថិតិនៃក្រសួងការងារអាមេរិក​​ បាន​បង្ហាញ​ថា​ ប្រាក់ឈ្នួលជាមធ្យមរបស់អ្នកធ្វើការនៅសហរដ្ឋអាមេរិក បានកើនឡើង១០សេន​ ដល់៣៥ដុល្លារ​ក្នុងមួយម៉ោង ឬ​ស្មើនឹង​កំណើន០,៣ភាគរយ​ ​នៅ​ខែ​មិថុនា បន្ទាប់ពីកើនឡើង០,៤ភាគរយ ​នៅ​ខែឧសភា។នេះបើយោងតាមការគណនាដោយផ្អែកលើមូលដ្ឋានប្រចាំខែ។

ប៉ុន្តែ​​បើយោងតាមការគណនា ដោយផ្អែកលើមូលដ្ឋានប្រចាំឆ្នាំបង្ហាញថា ប្រាក់ឈ្នួលរបស់អ្នកធ្វើការ នៅសហរដ្ឋអាមេរិក បានកើនឡើង៣,៩ភាគរយ​ ​ដែល​នេះ​ជា​កំណើន​ទាបបំផុត​មិនធ្លាប់ជួបប្រទះគិត ចាប់តាំងពីខែមិថុនា ឆ្នាំ២០២១ ខណៈ​ប្រាក់ឈ្នួលនៅ​ខែឧសភា​ បាន​កើន​ឡើង៤,១ភាគរយ​។

ជាមួយ​គ្នា​នោះ​ អត្រាគ្មានការងារធ្វើវិញ​ បានកើនឡើងពី​៤,០ភាគរយនៅ​ខែ​ឧសភា ឡើងដល់៤,១ភាគរយ នៅ​ខែ​មិថុនា ​​ ដែលជាកម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១​។

កំណើនអត្រា​គ្មាន​ការងារធ្វើ​ បានបណ្តាលឱ្យ​ប្រជាជន​អាមេរិកកាន់​តែ​ច្រើន កាត់​បន្ថយ​ការ​ចំណាយរបស់​ខ្លួន​​ ខណៈ​​ការចាយវាយរបស់​អ្នក​ប្រើ​ប្រាស់​(Consumer Spending)ចូលរួមចំណែក​ប្រហែល​៧០ភាគរយ ​នៃ​ទំហំសេដ្ឋកិច្ចអាមេរិ។​ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយសារ​ព័ត៌មាន​ CNN។

ទិន្នន័យសេដ្ឋកិច្ចអវិជ្ជមាន​​ទាំង​នេះ​​ គួបផ្សំនឹងការ​ធ្លាក់​ចុះយ៉ាងសន្សឹមៗ​​ នៃ​អត្រា​​អតិផរណា កាល​ពី​ខែ​ឧសភា​​ ​អាច​នឹង​ជួញ​ជំរុញ​ឱ្យធនាគារកណ្តាលអាមេរិក ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​នៅ​ខែ​កញ្ញា​ ឬ​ខែធ្នូ​ខាង​មុខ ដើម្បី​លើកទឹកចិត្តប្រជាជនអាមេរិក ឱ្យបង្កើនការ​ចំណាយ​របស់​ពួកគេ​ឡើង​វិញ ​​​៕ប្រភព: Bloomberg៕


ចែករំលែក