កាសែត Bangkok Post៖ ព្រែកជីកហ្វូណនតេជោ នឹងជំរុញឱ្យ​កម្ពុជា​ស្ទុះទៅមុខ និងក្លាយជា​ខ្លា​តូច​មួយ

ចែករំលែក

ដោយៈ គង់ លាងហួរ

ភ្នំពេញ: ការប្រកាសអនុវត្តន៍ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានទំហំទុនវិនិយោគប្រមាណ១,៧ពាន់លានដុល្លារអាមេរិក បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងការជឿជាក់កាន់តែខ្លាំងឡើងរបស់កម្ពុជា ក្នុងការស្វែងរកផលប្រយោជន៍ជាតិ។ 

លោក Kavi Chongkittavorn អ្នក​កាសែត​ជើង​ចាស់​ទទួលបន្ទុកផ្នែកកិច្ចការ​តំបន់ បានសរសេរអត្ថបទមួយ ដែលត្រូវបានចុះផ្សាយដោយកាសែត Bangkok Post ដែលមានខ្លឹមសារថា  “គម្រោងហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក ​ជាប្រវត្តិសាស្ត្រមួយនេះ​ ​នឹងជំរុញឱ្យប្រទេស​កម្ពុជា​ស្ទុះទៅមុខ និងក្លាយជា​ខ្លា​តូច​មួយ​ ដែល​ពោរពេញដោយថាមពល ហើយកម្ពុជាពុំមែនជា​ប្រទេស​ ដែល​ហែកហួរ ​ដោយសារសង្រ្គាម​តទៅទៀត​ឡើយ”។ 

ក្រោមការដឹកនាំនាពេលបច្ចុប្បន្ន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក Kavi សង្កេតឃើញថា “កម្ពុជាកំពុងប្រកាន់ជំហរកាន់តែរឹងមាំ បើទោះបីជាខ្លួនប្រ​ឈ​មមុខនឹងការជំទាស់ ពីប្រទេសជិតខាង ដូចជា វៀតណាម ដែលព្យាយាមវាយប្រហារ មកលើគម្រោងព្រែកជីកនេះជាញឹកញាប់”។

គម្រោងផ្លូវនាវាចរណ៍ប្រវែង១៨០គីឡូម៉ែត្រ ដែលមានទទឹងប្រវែង១០០ម៉ែត្រ និងមានជម្រៅ៥,៤ម៉ែត្រមួយនេះ នឹងតភ្ជាប់កំពង់ផែស្វយ័តក្រុងភ្នំពេញ ជាមួយឆ្នេរសមុទ្រខេត្តកែប នៅឈូងសមុទ្រថៃ ខណៈបច្ចុប្បន្ន កម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់កំពង់ផែ របស់វៀតណាម សម្រាប់ការដឹកជញ្ជូនទំនិញតាមផ្លូវសមុទ្រ ជាពិសេសគឺ កំពង់ផែ Cai Mep។

នៅពេលគម្រោងត្រូវបានសាងសង់បញ្ចប់រួចរាល់ ព្រែកជីកថ្មីនេះត្រូវបានគេរំពឹងថា នឹងជួយកាត់បន្ថយការពឹងផ្អែករបស់កម្ពុជា ទៅលើប្រទេសវៀតណាម ដោយសារកប៉ាល់កម្ពុជានឹងអាចបើកបរ តាមរយៈផ្លូវវាងពីទឹកដីវៀតណាម បានទាំងស្រុង។

ការប្រកាសអភិវឌ្ឍន៍គម្រោងនេះឡើងបានជំរុញឱ្យមានការចាប់អារម្មណ៍និងការជជែកពិភាក្សាគ្នាយ៉ាងច្រើន។យ៉ាងណាម៉ិញកម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការស្ថាបនាគម្រោងនេះឱ្យទទួលបានជោគជ័យទោះបីជាភាគីវៀតណាមបានសម្តែងការព្រួយបារម្ភអំពីផលប៉ះពាល់បរិស្ថានយ៉ាងណាក្តី។

គិតរហូត​មក​ដល់​ពេល​នេះ បណ្តាប្រទេស​ដែល​ស្ថិតនៅជាប់​អាងទន្លេ​មេគង្គខាង​ក្រោម​ផ្សេង​ទៀត ដូចជា ប្រទេសមីយ៉ាន់ម៉ា ប្រទេសឡាវ និង​ប្រទេសថៃ បាន​រក្សាភាពស្ងៀមស្ងាត់​ និងមិនបង្ហាញប្រតិកម្មអ្វីឡើយចំពោះគម្រោងនេះ។

ក្នុងនាមជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ ​ជាយុទ្ធសាស្ត្រ ព្រែក​ជីកហ្វូណនតេជោ​ នឹង​ជួយបង្កើន​ការ​តភ្ជាប់​របស់​កម្ពុជា និង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ផ្លូវទឹក និង​កំពង់ផែ​របស់វៀតណាម។ សំខាន់​ជាង​នេះ​ទៅ​ទៀត គម្រោងផ្លូវនាវាចរណ៍នេះ ក៏​នឹងតំណាងឱ្យកេរដំណែល ​របស់​សម្តេចតេជោ ហ៊ុន សែន អតីត​​នាយក​រដ្ឋមន្ត្រីកម្ពុជាផង​ដែរ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលដឹកនាំរដ្ឋាភិបាលបន្តវេនពីសម្តេចតេជោ បាន​ចាត់ទុក​គម្រោងព្រែកជីកនេះ​ថា​ ជា “ការដកដង្ហើម​តាម​ច្រមុះ​របស់​កម្ពុជាខ្លួនឯង ដោយមិនខ្ចីច្រមុះគេដក” ដែល​ការណ៍នេះឆ្លុះ​បញ្ចាំង​ឱ្យឃើញ ពី​បំណងប្រាថ្នា​របស់​កម្ពុជា ដើម្បីជំរុញស្វ័យភាព​យុទ្ធសាស្ត្រ​ឱ្យកាន់តែ​ខ្លាំង។

ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់ខ្លួន កម្ពុជាគ្រោងនឹងប្រារព្ធពិធី បើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅថ្ងៃទី៥ ខែសីហាខាងមុខនេះ ដែលចំនឹងថ្ងៃកំណើតរបស់សម្តេចតេជោតែម្តង ព្រោះសម្តេចគឺជាតួអង្គដ៏សំខាន់បំផុត ក្នុងការផ្តួចផ្តើមគម្រោងព្រែកជីកនេះ ឱ្យលេចជារូបរាងឡើង។

បន្ថែមពីលើនេះ រដ្ឋាភិបាលកម្ពុជា បានស្នើឱ្យប្រជាពល​រដ្ឋនៅទូទាំងប្រទេសចូលរួមទូងស្គរ និងរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរក្នុងឱកាសនោះ ហើយថ្នាក់ដឹកនាំក្រសួង–ស្ថាប័នរដ្ឋនានា ​ក៏​បាន​សំណូមពរ​ដល់​គ្រប់វត្ត​អារាម ទូង​ស្គរ​ទៅតាមពេលវេលាកំណត់ ដើម្បី​ប្រារព្ធ​ពិធី​នេះ ឱ្យកាន់តែអធិកអធ័ម៕ប្រភព: Bangkok Post៕


ចែករំលែក