ដោយៈ និស្ស័យ
ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា អ្នកធុរកិច្ចចិនមួយរយៈចុងក្រោយនេះ ពួកគេបានស្វែងរកទិញដី សម្រាប់បង្កើតតំបន់ឧស្សាហកម្មច្រើន។
អគ្គនាយកក្រុមហ៊ុនAdvance Real Estate លោកប៉ូ អ៊ាវគង់បានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១៥ កក្កដាថា មួយរយៈពេលចុងក្រោយនេះ មានក្រុមអ្នកវិនិយោគចិន និងភ្នាក់ងារមួយចំនួនបានស្វែងរកទិញដី នៅតាមផ្លូវជាតិលេខ៣ លេខ៤ និងតាមតំបន់មួយចំនួនទៀតជាហូរហែរ។
-->

លោកបន្តថា “ទោះជាយ៉ាងណា មានការសាកសួរព័ត៌មានច្រើន ប៉ុន្តែសកម្មភាពទិញដូរជាក់ស្តែង មិនសូវកើតមាននោះទេ”។ លោកបន្តថា “អ្នកស្វែងរកដីទាំងនោះ ភាគច្រើនរកតម្លៃក្រោមទីផ្សារចន្លោះពី៦០ ទៅ៦៥ភាគរយ ដែលពិបាកក្នុងការស្វែងរក ដោយសារម្ចាស់ដីភាគច្រើន ពួកគាត់មិនបញ្ចុះតម្លៃលើសពី៤០ ទៅ៥០ភាគរយនោះឡើយ”។
លោកប៉ូអ៊ាវគង់បានបន្តថាស្ថានភាពពិតនៃទីផ្សារមិនមានសញ្ញាប្រសើរនៅឡើយទេទោះបីមានក្រុមមួយចំនួនបានដើរស្វែងរកព័ត៌មានដីធ្លីក្តីប៉ុន្តែមិនទាន់ឃើញមានករណីទិញលក់ច្រើនកើតឡើងនៅឡើយទេ។
សកម្មភាពនេះហាក់មានក្រុមមានចេតនាក្រឡុកទីផ្សារឲ្យងើបឡើងវិញស្របពេលស្ថានភាពក្នុងវិស័យនេះហាក់ស្ថិតក្នុងសភាពទ្រឹងនៅឡើយ។នេះបើតាមលោកយិនលាងគង់ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)បញ្ជាក់ឲ្យដឹង។

លោកបន្តថា “ខ្ញុំធ្លាប់ទទួលបានព័ត៌មានពីរ បីករណីទាក់ទងនឹងការជួយរកដីឲ្យអ្នកវិនិយោគចិន ប៉ុន្តែជាលទ្ឋផលរហូតមកទល់ថ្ងៃនេះ អ្វីៗហាក់ស្ងប់ស្ងាត់ ដូចចោរលួចសេះនៅឡើយ”។
លោកយិនលាងគង់បានយល់ស្របនឹងការលើកឡើងរបស់លោកប៉ូអ៊ាវគង់ដែលថាទីផ្សារត្រូវការការអត់ធន់និងប្រុងប្រយ័ត្នបន្ថែមសម្រាប់អ្នកចង់បោះទុនវិនិយោគលើដីធ្លី៕