ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋាភិបាលវៀតណាម បានសម្រេចចិត្តផ្តល់អាជ្ញាប័ណ្ណ ទៅឱ្យអ្នកអភិវឌ្ឍន៍គម្រោងអភិវឌ្ឍន៍ អចលនទ្រព្យ Vinhomes Ocean Park ដើម្បីលក់យូនីតលំនៅដ្ឋានរបស់ខ្លួនដល់ជនបរទេស ដោយអនុញ្ញាតឱ្យពួកគេ អាចតាំងទីលំនៅនៅភាគខាងកើតទីក្រុងហាណូយ។
បើយោងតាមច្បាប់លំនៅដ្ឋានថ្មី និងបទប្បញ្ញត្តិច្បាប់ភូមិបាល ដែលនឹងចូលជាធរមាននៅថ្ងៃទី១ ខែសីហា អ្នកអភិវឌ្ឍន៍គម្រោង Vinhomes Ocean Park នឹងអាចប្រគល់ប័ណ្ណកម្មសិទ្ធិផ្ទះដល់ជនបរទេស ដែលទិញផ្ទះនៅក្នុងគម្រោងនេះ។
ជនបរទេសនឹងត្រូវបានអនុញ្ញាត ឱ្យកាន់កាប់ប័ណ្ណកម្មសិទិ្ធផ្ទះនៅប្រទេសវៀតណាម សម្រាប់រយៈពេល៥០ឆ្នាំ និងមានជម្រើស ក្នុងការបន្តសុពលភាព សម្រាប់រយៈពេលអតិបរមាចំនួន៥០ឆ្នាំបន្ថែមទៀត។
ទន្ទឹមនឹងកំណើន នៃលំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) កម្លាំងពលកម្មបរទេស ដែលហូរចូលមកកាន់ប្រទេសវៀតណាមកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ជនបរទេសភាគច្រើនមានបំណងទិញ និងធ្វើជាម្ចាស់ផ្ទះតែម្តង ជំនួសឱ្យការជួលធម្មតា។
បុគ្គល និងអង្គការបរទេសជាច្រើន ក៏បានទិញផ្ទះនៅប្រទេសវៀតណាម សម្រាប់ជួលបន្តទៅឱ្យអតិថិជនផ្សេងទៀត និងធ្វើអាជីវកម្មផ្ទាល់ខ្លួនផងដែរ។ ទោះជាយ៉ាងណាក្តី ចំនួននៃការលក់ផ្ទះ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅតែមានកម្រិតទាបនៅឡើយ ដោយសារកង្វះការផ្គត់ផ្គង់។
ការផ្តល់អាជ្ញាប័ណ្ណជាផ្លូវការ ដល់គម្រោងអចលនទ្រព្យ Vinhomes Ocean Park នឹងក្លាយជាប្រភពផ្គត់ផ្គង់ផ្ទះ ដែលមានគុណភាពនៅក្នុងទីផ្សារ ដើម្បីជួយបំពេញតម្រូវការកម្មសិទ្ធិលំនៅដ្ឋានរបស់ជនបរទេស នៅក្នុងប្រទេសវៀតណាម៕ប្រភព: Vnexpress៕