ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុនរបស់លោកGautam Adani កំពូលមហាសេដ្ឋីឥណ្ឌា គ្រោងសាងសង់កំពង់ផែនៅវៀតណាម និងកំពុងសម្លឹងមើលឱកាសវិនិយោគនៅកម្ពុជា និងតំបន់ផ្សេងទៀតក្នុងតំបន់អាស៊ាន។
ខណៈក្រុមហ៊ុននេះកំពុងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្រៅប្រទេសដើម្បីទាញយកឱកាសពីកំណើនពាណិជ្ជកម្មអន្តរជាតិ។
-->

លោក Karan Adani ដែលជាកូនប្រុសច្បងរបស់លោក Gautam Adani និងជានាយកគ្រប់គ្រងក្រុមហ៊ុន Adani Ports &Special Economic Zone Ltd បានបញ្ជាក់នៅក្នុងបទសម្ភាសន៍មួយថា យើងបានទទួលការយល់ព្រម ជាគោលការណ៍ពីរដ្ឋាភិបាលវៀតណាម ដើម្បីឈានទៅធ្វើការអភិវឌ្ឍ កំពង់ផែនៅទីក្រុង Da Nang ។
លោកបានបន្តថា ក្រុមហ៊ុនក៏កំពុងសម្លឹង មើលឱកាសវិនិយោគនៅក្នុងតំបន់មជ្ឈិមបូព៌ា អាស៊ាន អាហ្រ្វិកខាងកើត បង់ក្លាដែស ស្រីលង្កា ម៉ាល់ឌីវ វៀតណាម និងកម្ពុជា ដោយសារតំបន់ទាំងនេះគឺជាតំបន់ ដែលមានលំហូរដោះដូរពាណិជ្ជកម្មជាមួយឥណ្ឌា។
លោកបន្ថែមថា “គម្រោងកំពង់ផែរបស់យើង នៅប្រទេសវៀតណាមនឹងរួមមាន ការសាងសង់ចំណតកុងតឺន័រ និងចំណតពហុបំណង សម្រាប់ដឹកទំនិញគ្រប់ប្រភេទផ្សេងៗ។ ប៉ុន្តែ គម្រោងនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលដំបូង នៃការធ្វើផែនការនៅឡើយ”។

នៅពេលសាងសង់រួចរាល់ កំពង់ផែនេះនឹងក្លាយជាកំពង់ផែអន្តរជាតិទី៤របស់ក្រុមហ៊ុនខាងលើ បន្ទាប់ពីកំពង់ផែនៅទីក្រុង Haifa ក្នុងប្រទេសអ៊ីស្រាអែល កំពង់ផែ Colombo ក្នុងប្រទេសស្រីលង្កា និងកំពង់ផែ Dar es Salaam ក្នុងប្រទេសតង់ហ្សានី។
លោក Karan បានអះអាងថា ក្រុមហ៊ុន Adani Ports របស់យើង គឺជាប្រតិបត្តិករកំពង់ផែដ៏ធំបំផុត នៅក្នុងប្រទេសឥណ្ឌា។ ចំណូលប្រហែល៥ភាគរយ នៃទំហំប្រាក់ចំណូលសរុបរបស់ក្រុមហ៊ុននេះ មានប្រភពមកពីការបំពេញប្រតិបត្តិការអន្តរជាតិ ហើយក្រុមហ៊ុនគ្រោងបង្កើនចំណែកនេះ ឱ្យកើនឡើងដល់១០ភាគរយ នៅឆ្នាំ២០៣០ខាងមុខ៕ប្រភព: Deccan Herald៕