ក្រុមហ៊ុនTemasek គ្រោងបោះទុន១០ពាន់លានដុល្លារអាមេ រិកនៅក្នុងប្រទេសឥណ្ឌា

ចែករំលែក

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Temasek របស់រដ្ឋាភិបាលសិង្ហបុរី គ្រោងនឹងបណ្តាក់ទុនវិនិយោគ ទឹកប្រាក់រហូតដល់១០ពាន់លានដុល្លារអាមេរិក នៅក្នុងប្រទេសឥណ្ឌា ក្នុងរយៈពេល៣ឆ្នាំខាងមុខ ដោយផ្តោតលើ វិស័យសំខាន់ៗដូចជា សេវាហិរញ្ញវត្ថុ និងការថែរទាំសុខភាព។

លោក Mohit Bhandari នាយកគ្រប់គ្រងក្រុមហ៊ុនTemasek ទទួលបន្ទុកលើការវិនិយោគ នៅប្រទេសឥណ្ឌា បានមានប្រសាសន៍ឱ្យដឹងថា “សេដ្ឋកិច្ចឥណ្ឌាកំពុងកើនឡើងយ៉ាងគំហុក ហើយទីផ្សារភាគហ៊ុនរបស់ប្រទេសនេះ ក៏កំពុងហក់ឡើងថ្លៃផងដែរ”។

លោកបន្តថា “ចំណែកទីផ្សារចំនួន៧% នៃចំណែកទីផ្សារសរុបជាសកល របស់ក្រុមហ៊ុន Temasek មានប្រភពពីប្រទេសឥណ្ឌា ហើយយើងគ្រោងបន្តបោះទុនវិនិយោគ ដើម្បីបង្កើនចំណែកទីផ្សារនៅឥណ្ឌា ឱ្យកើនឡើងខ្ពស់ជាងនេះបន្ថែមទៀត”។

លោក Bhandari បានថ្លែងនៅក្នុងបទសម្ភាសន៍មួយនៅការិយាល័យក្រុមហ៊ុនTemasek ប្រចាំទីក្រុង Mumbai ថា “យើ​ងមានសុទិដ្ឋិនិយមរយៈពេលវែង ចំពោះប្រទេសឥណ្ឌា។ យើងដឹង អំពីភាពតានតឹងផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ដែលកំពុងកើតឡើងនៅក្នុងប្រទេសចិន ហើយយើងនឹងធ្វើពិពិធកម្ម ផលប័ត្ររបស់យើងទៅតាមនោះដែរ”។

ក្រុមហ៊ុន Temasek បានប្រកាសថា ប្រាក់ចំណេញ ដែលខ្លួនទទួលបានពីការវិនិយោគ នៅសហរដ្ឋអាមេរិក និងឥណ្ឌាកំពុងជួយទប់ទល់ នឹងផលប៉ះពាល់ពីដំណើរការអាជីវកម្ម មិនប្រក្រតីនៅក្នុងប្រទេសចិន ខណៈក្រុមហ៊ុននេះ កំពុងចាត់វិធានការប្រកបដោយភាពប្រុងប្រយ័ត្ន ចំពោះប្រទេសចិន ស្របពេល​មានភាពតានតឹងពាណិជ្ជកម្ម។

ចំណែកប្រមាណ២២ភាគរយ នៃទុនវិនិយោគសរុបរបស់ក្រុមហ៊ុន Temasek គឺស្ថិតនៅសហរដ្ឋអាមេរិក ខណៈចំណែកចំនួន១៩ភាគរយ ស្ថិតនៅក្នុងប្រទេសចិន ហើយទំហំនៃការបោះទុនវិនិយោគរបស់ក្រុមហ៊ុន Temasek នៅអាមេរិកបានវ៉ាដាច់ទំហំទុនវិនិយោគ នៅប្រទេសចិនជាលើកដំបូង នៅក្នុងឆ្នាំ២០២៣៕ប្រភព: CNA៕


ចែករំលែក