ក្រុមហ៊ុនលំដាប់យក្សជប៉ុនស្នើសុំឲ្យរដ្ឋាភិបាលជួយសម្របសម្រួលលិខិតបទដ្ឋានគតិយុត្តិនានា

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបជាមួយគណៈប្រតិភូក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) ដើម្បីពិភាក្សាផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់។

ក្នុងជំនួបកាលពីថ្ងៃទី១៦ កក្កដាកន្លងមកនេះ លោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) បានស្នើសុំអនុសាសន៍ណែនាំលើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់ប្រទេសកម្ពុជា។

លោកYoshihisa Kainuma បានថ្លែងអំណរគុណជូនចំពោះ លោកឧបនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលបានផ្ដល់កិច្ចសម្របសម្រួល លើគម្រោងពង្រីកវិនិយោគសាងសង់រោងចក្រថ្មី របស់ក្រុមហ៊ុននៅប្រទេសកម្ពុជា និងបន្ថែមពីនេះ លោកក៏បានស្នើសុំការគាំទ្របន្ថែមទៀត លើដំណើរការអនុម័ត លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីសម្រួលឱ្យការងារវិនិយោគ របស់ក្រុមហ៊ុនកាន់តែមានភាពរលូន។

ក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) កំពុងវិនិយោគនៅកម្ពុជាលើអាជីវកម្ម ផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here