តើស្ថានភាពនៅក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិនវិវត្តន៍បែបណាហើយ?

0

ដោយ: គង់ លាងហួរ

ប៉េកាំង: ការវិនិយោគអចលនទ្រព្យ នៅក្នុងប្រទេសចិនបានធ្លាក់ចុះ១០,១ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ បើធៀបនឹងឆ្នាំមុន  ខណៈវិស័យនេះនៅតែមិនទាន់ស្ទះងើបឡើវិញនៅឡើយ ទោះបីជាមានគោលនយោបាយ លើកទឹកចិត្តពី  រដ្ឋាភិបាលជាច្រើនក្តី។

យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) បានបង្ហាញថា បើគិតតាមផ្ទៃក្រឡា ការលក់អចលនទ្រព្យនៅប្រទេសចិន ក្នុងខែមករា ដល់ខែមិថុនា បានធ្លាក់ចុះ១៩ភាគរយបើធៀបនឹងឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ២០,៣ភាគរយ នៅក្នុងចន្លោះខែមករា ដល់ខែឧសភា។

ចំណែកឯ ការចាប់ផ្តើមសាងសង់ គម្រោងអចលនទ្រព្យថ្មីៗ បានធ្លាក់ចុះ២៣,៧ភាគរយ ក្នុងឆមាសទីមួយបើធៀបនឹងឆ្នាំ បន្ទាប់ពីបានធ្លាក់ចុះ២៤,២ភាគរយ ក្នុងរយៈពេល៥ខែដំបូង។

ជាមួយគ្នានេះ ចំនួនមូលនិធិ ដែលបណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យរបស់ប្រទេសចិន បានខិតខំប្រមូលកៀរគរក្នុងឆមាសទី១ បានធ្លាក់ចុះ២២,៦ភាគរយ បើធៀបនឹងឆ្នាំមុន បន្ទាប់ពីបានធ្លាក់ចុះ២៤,៣ភាគរយ នៅក្នុងខែមករាដល់ខែឧសភា។

រីឯ តម្លៃផ្ទះថ្មីនៅប្រទេសចិន នៅក្នុងខែមិថុនា បានធ្លាក់ចុះ ក្នុងល្បឿនយ៉ាងលឿនបំផុត មិនធ្លាប់ជួបប្រទះក្នុងរយៈពេល៩ឆ្នាំកន្លងមកនេះ ទោះបីជារដ្ឋាភិបាលបានដាក់ចេញវិធានការគាំទ្រ ដើម្បីគ្រប់គ្រងការផ្គត់ផ្គង់លើសតម្រូវការ និងជំរុញទំនុកចិត្តអ្នកទិញរួចមកហើយយ៉ាងណាក្តី។

តម្លៃផ្ទះថ្មីនៅប្រទេសចិន ក្នុងខែមិថុនា បានធ្លាក់ចុះ៤,៥ភាគរយធៀបនឹងឆ្នាំមុន ដោយដាំក្បាលចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៥ បន្ទាប់ពីបានធ្លាក់ចុះ៣,៩ភាគរយ នៅក្នុងខែឧសភា។ នេះបើយោងតាមការគណនារបស់សារពត៌មាន Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិចិន (NBS)

គិតចាប់តាំងពីឆ្នាំ២០២១មក វិបត្តិទីផ្សារអចលនទ្រព្យនៅប្រទេសចិន បាននាំឱ្យអ្នកអភិវឌ្ឍន៍ជាច្រើន ពិបាកមានលទ្ធភាពទូទាត់សងបំណុល ដោយទុកឱ្យគម្រោងសំណង់អគារលំនៅដ្ឋានជាច្រើនត្រូវជាប់គាំង ហើយវិបត្តិនេះក៏បានបំបាក់ទំនុកចិត្តអ្នកទិញអចលនទ្រព្យ នៅប្រទេសចិនផងដែរ។

ដោយឡែក យោងតាមទិន្នន័យផ្លូវការមួយទៀត បានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសចិន បានកើនឡើងត្រឹមតែ៤,៧ភាគរយប៉ុណ្ណោះ នៅក្នុងត្រីមាសទី២ ដែលជាកំណើនទាបបំផុត គិតចាប់តាំងពីត្រីមាសទី១ ឆ្នាំ២០២៣ បើធៀបនឹងការព្យាករណ៍ សម្រាប់កំណើនក្នុងរង្វង់៥,១ភាគរយ នៅក្នុងការស្ទង់មតិរបស់សារពត៌មាន Reuters៕ប្រភព: NST Online

LEAVE A REPLY

Please enter your comment!
Please enter your name here