រថភ្លើងល្បឿនលឿនតភ្ជាប់រវាងទីក្រុងហ្សាការតា និងទីក្រុងបានដុងទទួលបានជោគជ័យបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: គិតមកទល់ពេលនេះ ផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់រវាងទីក្រុងហ្សាការតា និងទីក្រុងបានដុងនៅប្រទេសឥណ្ឌូនេស៊ី ទទួលបានអ្នកដំណើរចំនួន៤លាននាក់ គិតចាប់តាំងពីបានបើកប្រតិបត្តិការ ពាណិជ្ជកម្មនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។

លោកស្រី Eva Chairunisa ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន PT Kereta Cepat Indonesia-China (KCIC) បានលើកឡើងថាសមិទ្ធិផលនេះ បានបង្ហាញពីការជឿជាក់ និងការសាទរជាសាធារណៈ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងអំឡុងរយៈពេល៩ខែដំបូង នៃការបើកប្រតិបត្តិការ របស់ផ្លូវរថភ្លើងល្បឿនលឿនខាងលើ

លោកស្រី Chairunisa បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថាយើងសម្រេចបានសមិទ្ធិផលនេះ តាមរយៈកិច្ចខិតខំប្រឹងប្រែង និងការច្នៃប្រឌិតរួមគ្នា រវាងក្រុមហ៊ុន KCIC និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តខិតខំពង្រឹងសេវាកម្មរបស់យើង

ផ្លូវរថភ្លើងតភ្ជាប់ រវាងទីក្រុងហ្សាការតា និងទីក្រុងបាងដុង គឺជាប្រភេទផ្លូវដែកល្បឿនលឿនដំបូងគេ នៅតំបន់អាស៊ាន។ ខ្សែរថភ្លើងនេះ អាចរត់បានក្នុងល្បឿន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយតភ្ជាប់ចេញពីស្ថានីយ៍ Halim ក្នុងទីក្រុងហ្សការតា ទៅកាន់ស្ថានីយ៍ Tegalluar ក្នុងទីក្រុងបានដុង ដែលជាទីក្រុងធំបំផុតទី៤របស់ឥណ្ឌូនេស៊ី។

គិតចាប់ពីបានបើកដាក់ឱ្យដំណើរការរួចមក ផ្លូវរថភ្លើងល្បឿនលឿននេះ បានជួយសម្រួលការធ្វើដំណើរបានយ៉ាងច្រើន តាមរយៈការកាត់បន្ថយពេលវេលា ធ្វើដំណើររវាងទីក្រុងទាំង២ ពីជាង៣ម៉ោងមកនៅត្រឹម៤០នាទីប៉ុណ្ណោះ។

លោកស្រី Chairunisa ក៏បានអះអាងផងដែរថាសក្តានុពលនៃផ្លូវដែកល្បឿនលឿន ហ្សាការតាបានដុង បានជះឥទ្ធិពលវិជ្ជមានយ៉ាងខ្លាំង ទៅក្នុងវិស័យផ្សេងៗ ជាពិសេសវិស័យទេសចរណ៍ និងវិស័យឧស្សាហកម្មនៅក្នុងតំបន់

លោកស្រីបានគូសបញ្ជាក់ថា ឥទ្ធិពលវិជ្ជមានមកលើវិស័យទេសចរណ៍ បានជួយពង្រឹងបេសកកម្មរបស់យើង ក្នុងការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងជំរុញដល់កំណើនសេដ្ឋកិច្ចតាមរយៈការដឹកជញ្ជូន ប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល។

ថ្នាក់ដឹកនាំជាន់ខ្ពស់រូបនេះបានបន្ថែមទៀតថាក្រុមហ៊ុន KCIC នឹងបន្តខិតខំកែលម្អសេវាកម្មរបស់ខ្លួន នៅតាមស្ថានីយ៍ និងនៅលើរថភ្លើង ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់អ្នកធ្វើដំណើររបស់យើង៕ប្រភព: Xinhua

LEAVE A REPLY

Please enter your comment!
Please enter your name here