លោកប្រធានាធិបតី ចូ បៃដិនដាក់ចេញគោលនយោបាយជាច្រើន ដើម្បីទាក់ទាញសមានចិត្តអ្នកបោះឆ្នោត

ចែករំលែក

ដោយ: គង់ លាងហួរ

អន្តរជាតិ: កាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានដាក់សំណើជាបន្តបន្ទាប់ ទៅកាន់សភា ដែលមានគោលដៅបញ្ចុះតម្លៃលំនៅដ្ឋាន ខណៈអត្រាអតិផរណាកំពុងក្លាយជាបញ្ហា ដែលអាចជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកបោះឆ្នោត នៅខែវិច្ឆិកាខាងមុខ។

ផែនការ​ដែល​លោក ចូ បៃដិន បានដាក់ស្នើទៅកាន់​សភាអាមេរិកដើម្បីស្នើសុំការអនុម័ត រួមមាន ការដកហូតឥណទាន​ពន្ធ​ពី​ម្ចាស់ផ្ទះ ឬអ្នកបើកអាជីវកម្មផ្ទះជួល(Landlords) ដែល​បានដំឡើង​តម្លៃ​ផ្ទះជួលរបស់ពួកគេលើសពី៥% ក្នុង​មួយ​ឆ្នាំ ដោយ​វិធានការនេះគ្រោងចាប់ផ្តើម​អនុវត្តន៍នៅឆ្នាំ​នេះ និង​រយៈពេល​២​ឆ្នាំ​បន្ទាប់​ទៀត។ 

យ៉ាងណាមិញ ផែនការខាងលើនេះ នឹងអនុវត្តន៍ចំពោះតែអ្នកបើកអាជីវកម្មផ្ទះជួលខ្នាតធំ ដែលមានផ្ទះជួលចាប់ពី៥០យូនីតឡើងទៅ ខណៈដែលផែនការនេះ គ្រោងនឹងរាប់បញ្ចូលផ្ទះជួលជាង២០លានយូនីតនៅទូទាំងប្រទេស។ នេះបើយោងតាមប្រភពឱ្យដឹងពីសេតវិមាន។

រដ្ឋបាលរបស់លោក បៃដិន ក៏គ្រោងនឹងលើកលែងពន្ធលើការសាងសង់ថ្មី និងពន្ធលើអគារដែលកំពុងត្រូវ បានជួសជុលឡើងវិញ ក្នុងគោល​បំណង​លើក​ទឹកចិត្ត​ ឱ្យក្រុមហ៊ុន​អចលនទ្រព្យ​នានាខិតខំ បង្កើន​ការ​ផ្គត់ផ្គង់​ចំនួនអាផាតម៉ិន និង​ផ្ទះ​សម្រាប់​ជួល។

លោក ចូ បៃដិន បានសរសេរគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋបាលរបស់ប្រធានាធិបតីពីមុន បានបន្ធូរបន្ថយ ការយកពន្ធពិសេសពីម្ចាស់ផ្ទះ ខណៈរដ្ឋបាលបច្ចុ​ប្បន្នរបស់ខ្ញុំ កំពុងធ្វើការដើម្បីកាត់បន្ថយតម្លៃផ្ទះ សម្រាប់ក្រុមគ្រួសារអាមេរិក”។

លោកបានបន្តថា “សមាជិកគណបក្សសាធារណរដ្ឋនៅក្នុងសភា គួរតែចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តផែនការរបស់ខ្ញុំ ក្នុងការបញ្ចុះតម្លៃផ្ទះសម្រាប់ប្រជាជនអាមេរិក ខណៈនាពេលនេះ ពួកគេកំពុងត្រូវការការជួយសង្គ្រោះពីពួកយើង”។

ការកើនឡើងនៃតម្លៃផ្ទះ នៅតែជាឧបសគ្គដ៏ធំបំផុតមួយសម្រាប់ប្រជាពលរដ្ឋអាមេរិកជាច្រើន បើទោះបីជាអត្រាអតិផរណាកំពុងធ្លាក់ចុះ ជាលំដាប់នាពេលថ្មីៗនេះយ៉ាងណាក្តី។នេះបើយោងតាមការចុះផ្សាយ ដោយសារពត៌មាន CNN។

យោងតាមរបាយការណ៍ ពីមជ្ឈមណ្ឌលរួមគ្នា ដើម្បីធ្វើការសិក្សាផ្នែកលំនៅដ្ឋាន នៅឯសកលវិទ្យាល័យ Harvard បានបង្ហាញថា ប្រជាជនអាមេរិកចំនួន២២,៤លានគ្រួសារ បានចំណាយប្រាក់ជាង៣០% នៃប្រាក់ចំណូលរបស់ពួកគេ លើការជួលផ្ទះរស់នៅ និងថ្លៃប្រើប្រាស់ទឹកភ្លើងក្នុងឆ្នាំ២០២២ ហើយនេះ គឺជាទិន្នន័យចុងក្រោយបំផុត ដែលត្រូវបានវាស់វែង៕ប្រភព: CNN៕


ចែករំលែក