វៀតណាមគ្រោងសាងសង់អាកាសយានដ្ឋានបណ្តែតទឹកលើកដំបូងបង្អស់នៅក្នុងប្រទេសរបស់ខ្លួន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: អាកាសយានដ្ឋានបណ្តែតទឹក Van Phong ស្ថិតនៅខេត្ត Khanh Hoa នាភាគកណ្តាល នៃប្រទេសវៀតណាម ដែលជាតំបន់រមណីយដ្ឋាន Nha Trang នឹងត្រូវសាងសង់ឡើងនៅលើទីតាំងដី ដែលត្រូវបានចាក់បំពេញទៅក្នុងសមុទ្រ។

អាកាសយានដ្ឋាននេះ នឹងបម្រើឱ្យសេវាកម្មស៊ីវិល និងយោធា។ អាកាសយានដ្ឋាន Van Phong នឹងត្រូវសាងសង់តាមរយៈភាពជាដៃគូសាធារណៈ និងឯកជនក្រោមទំហំទុនវិនិយោ គសរុបចំនួន៧,៩ទ្រីលានដុង (ប្រហែល៣០៩លានដុល្លារអាមេរិក)។នេះបើយោងតាមសំណើ ដែលរដ្ឋបាលខេត្ត Khanh Hoa បានដាក់ជូនក្រសួងដឹកជញ្ជូនវៀតណាម។

ក្នុងចំណោមទុនវិនិយោគសរុបខាងលើ ក្នុងនោះរដ្ឋាភិបាលវៀតណាម គ្រោងនឹងចូលរួមបោះទុន ក្នុងទំហំទឹកប្រាក់ប្រហែល២,១៥ទ្រីលានដុង សម្រាប់សាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រតិបត្តិការហោះហើរ និងការចាក់បំពេញដីឡើងវិញ។

គម្រោងខាងលើ មានទីតាំងស្ថិតនៅក្នុងឃុំ Van Thang ស្រុក Van Ninh ខេត្ត Khanh Hoa ដែលមានចម្ងាយ៦៥គីឡូម៉ែត្រពីភាគខាងជើង នៃទីក្រុង Nha Trang និងមានចម្ងាយ១០១គីឡូម៉ែត្រ ពីភាគខាងជើងនៃអាកាសយានដ្ឋានអន្តរជាតិ Cam Ranh និងមានចម្ងាយ៨៩គីឡូម៉ែត្រ ពីភាគខាងត្បូងនៃព្រលានយន្តហោះ Tuy Hoa ក្នុងខេត្ត Phu Yen

អាកាសយានដ្ឋាន Van Phong នឹងលាតសន្ធឹងនៅផ្ទៃដីទំហំ៤៩៧ហិកតា។ អាកាសយានដ្ឋាននេះនឹងមានសមត្ថភាពទទួលស្វាគមន៍ អ្នកដំណើរដំបូងចំនួន១,៥លាននាក់ក្នុងមួយឆ្នាំ។

ការសាងសង់គម្រោងនេះ នឹងបំពេញតាមស្តង់ដារនៃការរចនាឌីហ្សាញកម្រិត4E ដែលធ្វើឱ្យអាកាសយានដ្ឋានVan Phong អាចទទួលស្វាគមន៍យន្តហោះធំៗ រួមមានដូចជា យន្តហោះប្រភេទ A350 និងយន្តហោះប្រភេទ B787

ប្រសិនបើគម្រោងនេះ ត្រូវបានអនុម័តដោយរដ្ឋាភិបាល នោះការបើកការដ្ឋាន សាងសង់ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឱ្យបានឆាប់នៅឆ្នាំនេះ និងគ្រោងបញ្ចប់ការសាងសង់ឱ្យបានរួចរាល់ជាស្ថាពរនៅមុនឆ្នាំ២០២៩ ហើយអាកាសយានដ្ឋាន Van Phong នឹងក្លាយជាព្រលានយន្តហោះបណ្តែតទឹកដំបូងគេបង្អស់នៅក្នុងប្រទេសវៀតណាម៕ប្រភព: Vnexpress

LEAVE A REPLY

Please enter your comment!
Please enter your name here