ដោយ វុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងអញ្ជើញសម្ពោធបើកការដ្ឋាន ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅទីតាំងឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចន្លោះគ.ម៣៩ ផ្លូវជាតិលេខ៤។
យោងតាមគេហទំព័រហ្វេសបុករបស់ក្រសួងសាធារណៈការ និងដឹកញ្ជូនបានឲ្យដឹងថា នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែមីនា ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អមដំណើរដោយដោយលោក យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី និងសមាជិកក្រុមការងារគម្រោងពាក់ព័ន្ធ អញ្ជើញចុះពិនិត្យទីតាំងត្រៀមរៀបចំសម្រាប់ពិធីសម្ពោធ បើកការដ្ឋានផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលសម្តេចតេជោនឹងអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនជាប្រវត្តិសាស្រ្តនេះនៅថ្ងៃទី២២ មិនខាងមុខនេះ។
ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ មានប្រវែងជាង១៩០គីឡូម៉ែត្រ ដែលចេញពីម្តុំផ្លូវរទេះភ្លើង នៃតំបន់ទំនប់កប់ស្រូវ ស្ថិតនៅខាងស្តាំដៃផ្លូវជាតិលេខ៤ និងសាងសង់ស្របគ្នានឹងផ្លូវជាតិនេះ រហូតជិតដល់ទីរួមខេត្តកំពង់ស្ពឺ ទើបផ្លូវនេះឆ្លងកាត់ផ្លូវជាតិលេខ៤ ងាកមកខាងឆ្វេងដៃវិញ ហើយបន្តរហូតដល់ស្រុកព្រៃនប់ ទើបផ្លូវនេះងាកមកស្តាំដៃ រហូតដល់មាត់សមុទ្រនៃក្រុងព្រះសីហនុ។
លោកវ៉ាស៊ីម សូរិយាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូនធ្លាប់បានមានប្រសាសន៍ឲ្យដឹងទៀតថា ផ្លូវល្បឿនលឿននេះនឹងមានការធ្វើរបងជុំវិញ លើកលែងតែចំណុចឆ្លងកាត់មួយចំនួនដែលមានស្ពានអាកាស និងស្ថានីយ៍ឈប់សំចត ព្រោះវាជាផ្លូវលឿន ដែលអាចបើកបរក្នុងល្បឿនពី១២០ ទៅ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ហេតុនេះទើបផ្លូវនេះ មិនតម្រូវឲ្យមានចំណុចឆ្លងកាត់ច្រើននោះទេ។
លោកបន្តថា ផ្លូវល្បឿនលឿន ភ្នំពេញ ព្រះសីហនុ ដែលសាងសង់ដោយក្រុមហ៊ុនស្ពានថ្នល់ប្រទេសចិន ក្នុងតម្លៃទឹកប្រាក់១៩០០លានដុល្លារសហរដ្ឋអាមេរិក នឹងអនុញ្ញាតឱ្យអ្នកបើកបរអាចបើកបានក្នុងល្បឿនចន្លោះ៩០-១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយក្រុមហ៊ុននឹងមានដាក់គំនូសសញ្ញា កំណត់ល្បឿននៅលើគន្លងផ្លូវនីមួយៗ ដើម្បីឱ្យអ្នកបើកបរដឹងពីល្បឿនដែលត្រូវបើក។ ដូច្នេះប្រសិនបើអ្នកបើកបរបើកមិនគ្រប់ល្បឿនដែលបានកំណត់ពួកគេនឹងទទួលរងនូវការផាកពិន័យ។
លោកបន្តថា “វាជាផ្លូវល្បឿនលឿន ហេតុនេះការបើកបរតាមគំនូសសញ្ញាបង្ហាញពិតជាមានសារសំខាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់នានា ក៏ដូចជាកាត់បន្ថយផលរំខានពីអ្នកបើកបរផ្សេងទៀត”។ លោកបន្តថា “ផ្លូវនេះ នឹងមានចំណត់ឈប់សំចតចំនួន៣កន្លែង មជ្ឈមណ្ឌលថែទាំយានយន្តមួយកន្លែង ស្ពានអាកាសចំនួន៧“៕