ឥណ្ឌូនេស៊ីចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍តម្លៃ៣.០០០លានដុល្លារ

0

អន្តរជាតិ: ក្រសួងសហគ្រាសរដ្ឋរបស់ប្រទេសឥណ្ឌូនេស៊ីបានចុះហត្ថលេខា លើអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុនអចលនទ្រព្យ Eagle Hills ដែលមានមូលដ្ឋាននៅប្រទេសអារ៉ាប់រួម ដើម្បីអភិវឌ្ឍន៍វិស័យហេដ្ឋារចនាសម្ព័ន្ធផ្នែកទេសចរណ៍ នៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេក្នុងប្លុកអាស៊ាននេះ។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចុះផ្សាយ ក្នុងអំឡុងដំណើរទស្សនកិច្ច របស់លោកប្រធានាធិបតី Joko Widodo ទៅកាន់ប្រទេសអារ៉ាប់រួម ថា “MoU ឬកិច្ចព្រមព្រៀងបឋមនេះ មានទំហំទឹកប្រាក់ចំនួន៣ពាន់លានដុល្លារ ដែលគ្របដណ្តប់លើការអភិវឌ្ឍន៍សណ្ឋាគារ អាកាសយានដ្ឋាន និងគោលដៅទេសចរណ៍”។
យ៉ាងណាមិញ សេចក្តីថ្លែងការណ៍ខាងលើ ពុំបានបញ្ជាក់លម្អិតអំពីទុនវិនិយោគ របស់គម្រោងនីមួយៗនោះទេ ហើយក៏ពុំបានកំណត់ពេលវេលាជាក់លាក់នោះដែរ។
ប៉ុន្តែបើយោងតាមសេចក្តីថ្លែងការណ៍ ដាច់ដោយឡែកមួយទៀតពីក្រុមហ៊ុន Eagle Hills បានបង្ហាញថា ចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងរួមមាន ការពង្រឹងហេដ្ឋារចនាសម្ព័ន្ធនៅអាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៃទីក្រុងហ្សាកាតា។
លោក Erick Thohir រដ្ឋមន្ត្រីក្រសួងសហគ្រាសរដ្ឋឥណ្ឌូនេស៊ី បានគូសបញ្ជាក់នៅ ក្នុងសេចក្តីថ្លែងការណ៍ថា “MoU នេះមានសពុលភាពរយៈពេលមួយឆ្នាំ ហើយយើងមានលទ្ធភាពដើម្បីបន្តសពុលភាព តាមរយៈការចុះកិច្ចព្រមព្រៀងរួមគ្នា”។
លោកបានអះអាងបន្ថែមទៀតថា “MoU នេះពុំមានចែងច្បាស់ អំពីកាលបរិច្ឆេទជាក់លាក់ណាមួយ សម្រាប់ការបោះទុនវិនិយោគចំនួន៣ពាន់លានដុល្លារនេះ នៅឡើយនោះទេ ដោយផ្តល់ភាពបត់បែន ក្នុងការអនុវត្តន៍គម្រោងវិនិយោគ”៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here