អន្តរជាតិ: មន្ត្រីជាន់ខ្ពស់នៃក្រសួងដឹកជញ្ជូន ប្រទេសហ្វីលីពីន (DOTr) បានប្រកាសថា គម្រោងសាងសង់ប្រព័ន្ធផ្លូវរថភ្លើងក្រោមដី ដំបូងបង្អស់របស់ប្រទេសហ្វីលីពីន នៅទីក្រុងម៉ានីល សម្រេចបានវឌ្ឍនភាពយ៉ាងគាប់ប្រសើរ។
គម្រោងរថភ្លើងក្រោមដី “Metro Manila Subway” ត្រូវបានគេចាត់ទុកថា ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដ៏មានមហិច្ឆតាបំផុតរបស់ប្រទេសហ្វីលីពីន ស្ថិតក្រោមរដ្ឋបាលគ្រប់គ្រងរបស់លោកប្រធានាធិបតី Ferdinand Marcos Jr.។
លោក Timothy John R. Batan អនុរដ្ឋលេខាធិការក្រសួងដឹកជញ្ជូន បានថ្លែងទៅកាន់វេទិកាមួយ នាពេលថ្មីៗនេះថា “គិតត្រឹមដំណាច់ខែឧសភា គម្រោងរថភ្លើងក្រោមដីខាងលើ បានបញ្ចប់គោលដៅរបស់ខ្លួនចំនួន១៤,៤៨ភាគរយ”។
-->
ក្រៅពីគម្រោងរថភ្លើងក្រោមដី Metro Manila Subway ហើយនោះ លោក Batan ក៏បានលើកឡើងផងដែរ អំពីវឌ្ឍនភាព ក្នុងគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្នែកផ្លូវដែកផ្សេងទៀត ដែលរួមមានដូចខាងក្រោម៖
គម្រោងបង្កើតស្ថានីយ៍ផ្លូវរថភ្លើងលើអាកាស Grand Central Station ក្នុងរដ្ឋធានីម៉ានីល គិតត្រឹមខែឧសភា បានបញ្ចប់ការសាងសង់ចំនួន៨១,៤២ភាគរយ។ស្ថានីយ៍នេះនឹងតភ្ជាប់ផ្លូវរថភ្លើងចំនួន៤ខ្សែ រួមមានខ្សែ LRT 1 បម្រើអ្នកដំណើរនៅភាគខាងលិច និងភាគខាងត្បូងនៃរដ្ឋធានី ព្រមទាំងតភ្ជាប់ខ្សែ MRT 3 បម្រើតំបន់កណ្តាលទីក្រុង និងខ្សែ MRT 7 បម្រើភាគខាងជើងទីក្រុង និងតភ្ជាប់គម្រោងរថភ្លើងក្រោមដី ដើម្បីបម្រើផ្នែកខាងកើតនៃទីក្រុង។

ជាមួយគ្នានេះ គម្រោងពង្រីក និងស្តារឡើងវិញនូវសមត្ថភាពផ្លូវរថភ្លើងMRT3 សម្រេចបានវឌ្ឍនភាពចំនួន៨៣,១១ភាគរយ។ បន្ទាប់ពីការស្តារឡើងវិញ ត្រូវបានបញ្ចប់រួចរាល់ ខ្សែរថភ្លើងនេះ នឹងអាចកាត់បន្ថយពេលវេលា ធ្វើដំណើរពី១ម៉ោងនិង១៥នាទី មកនៅត្រឹម៤៥នាទីប៉ុណ្ណោះ និងបង្កើនសមត្ថភាពដឹកអ្នកដំណើរ ពី៣០ម៉ឺននាក់ ទៅដល់៦០ម៉ឺននាក់ក្នុងមួយថ្ងៃ។
ចំណែក គម្រោងពង្រីកផ្លូវរថភ្លើង LRT 1 Cavite គិតត្រឹមថ្ងៃទី៣១ ខែឧសភាបានបញ្ចប់ការសាងសង់ ចំនួន៧៣,៥០ភាគរយ។ គម្រោងនេះ គឺជាការពង្រីកបន្ថែមទៀតនូវខ្សែរថភ្លើងធុនស្រាល “Line 1” ដែលមានស្រាប់ និងការសាងសង់ផ្លូវដែកបន្ថែមចម្ងាយ១១,៧គីឡូម៉ែត្រ ដែលមានស្ថានីយចំនួន៨ ដើម្បីតភ្ជាប់សង្កាត់ Pasay ក្នុងរដ្ឋធានីម៉ានីល ទៅកាន់ទីក្រុង Bacoor ក្នុងខេត្តCavite ជាប់ព្រំប្រទល់ជាមួយទីក្រុងម៉ានីល។
រីឯ គម្រោងផ្លូវរថភ្លើង North-South Commuter Railway គឺជាខ្សែរថភ្លើងប្រវែង១៤៧គីឡូម៉ែត្រ ដែលនឹងតភ្ជាប់តំបន់ចំនួន៣ នៅក្នុងកោះ Luzon រួមទាំងទីក្រុងម៉ានីលផងដែរ។ ខ្សែរថភ្លើងនេះ ត្រូវបានគេរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់អ្នកដំណើរប្រមាណ៨០ម៉ឺននាក់ជារៀងរាល់ថ្ងៃ។
គិតត្រឹមដំណាច់ខែឧសភាកន្លងទៅ ការកសាងកំណាត់ផ្លូវដែករវាងសង្កាត់ Tutuban នៃទីក្រុងម៉ានីល ទៅកាន់ទីក្រុង Malolos ក្នុងដែនកោះLuzon បានបញ្ចប់៤២,១០ភាគរយ៕ប្រភព: PNA.gov៕