អន្តរជាតិ: ប្រទេសម៉ាឡេស៊ីបានអនុម័តច្បាប់ ដែលនឹងអនុញ្ញាតឱ្យកោះមួយ ដែលស្ថិតនៅក្រោមគម្រោងអភិវឌ្ឍន៍ទីក្រុងយក្ស Forest City អាចប្រែក្លាយជាតំបន់រួចពន្ធ ឬតំបន់ដែលគ្មានកាតព្វកិច្ចបង់ពន្ធ(Duty-Free) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារឡើងវិញនូវគម្រោងជាប់គាំងខាងលើ។

កាលពីថ្ងៃទី១៧ ខែកក្កដា សភាជាន់ទាបនៃប្រទេសម៉ាឡេស៊ី បានអនុម័តច្បាប់វិសោធនកម្មចំនួន៥ ដើម្បីប្រែក្លាយកោះ Pulau Satu ទៅជាតំបន់ដែលមិនមាន កាតព្វកិច្ចបង់ពន្ធ រួមជាមួយនឹងកោះ Labuan កោះ Langkawi កោះTioman និងកោះ Pangkor ។ បច្ចុប្បន្ន ច្បាប់នេះកំពុងស្ថិតក្រោមការស្នើសុំសេចក្តីអនុម័តចុងក្រោយពីព្រឹទ្ធសភា។
-->
ចំណាត់ការនេះបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសផែនការរបស់លោកនៅក្នុងឆ្នាំ២០២៣ ដើម្បីប្រែក្លាយទីក្រុង Forest City ទៅជាតំបន់ហិរញ្ញវត្ថុពិសេស។

ជាមួយគ្នានេះ រដ្ឋាភិបាលម៉ាឡេស៊ី ក៏គ្រោងចុះកិច្ចព្រមព្រៀងជាមួយសិង្ហបុរី ក្នុងពេលឆាប់ៗខាងមុខ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសឆ្លងដែន ដែលអាចនឹងដាក់បញ្ចូលគម្រោង Forest City ដើម្បីជំរុញពាណិជ្ជកម្ម និងការតភ្ជាប់រវាងរដ្ឋ Johor ភាគខាងត្បូងរបស់ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។
គម្រោងទីក្រុង Forest City ដែលមានតម្លៃ១០០ពាន់លានដុល្លារអាមេរិក របស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន Country Garden Holdings ត្រូវបានជាប់គាំងដោយសារបញ្ហាប្រឈមផ្នែកហិរញ្ញវត្ថុ ក្រោយពីបានចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពី១ទសវត្សរ៍មុន។
ព្រះមហាក្សត្រម៉ាឡេស៊ីព្រះនាម Sultan Ibrahim Iskandar បានមានបន្ទូលកាលពីខែធ្នូ ឆ្នាំមុនថា “ព្រះអង្គនឹងជំរុញឱ្យមានការស្តារឡើងវិញ នូវខ្សែរថភ្លើងល្បឿនលឿនរវាងទីក្រុងគូឡាឡាំពួរ និងទីក្រុងសិង្ហបុរី ដើម្បីជំរុញការអភិវឌ្ឍន៍”៕ប្រភព:BLOOMBERG៕