តើផ្ទះ Penthouse ក្នុងគម្រោងធំៗនៅប្រទេសសិង្ហបុរីមានតម្លៃប៉ុន្មានក្នុងមួយយូនីតនៅឆមាសទី១?

0

អន្តរជាតិ: នៅក្នុងឆមាសទី១ ឆ្នាំ២០២៤ ការ​លក់​លំនៅដ្ឋាន ដែលមានតម្លៃថ្លៃខ្ពស់កប់ពពក នៅ​ប្រទេសសិង្ហបុរីជួបប្រទះស្ថានភាពល្អប្រសើរ បើទោះបីជាវិស័យអចលនទ្រព្យទាំងមូល កំពុងស្ថិតក្នុងសភាព មិនច្បាស់លាស់យ៉ាងណាក្តី។ នេះបើយោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank។

តួយ៉ាង ក្នុងឆមាសទី១ ផ្ទះ Penthouse នៅឯគម្រោង Skywaters Residences ស្ថិតនៅ​លើផ្លូវ 1 Prince Edward Road ក្នុងសង្កាត់ Tanjong Pagar ត្រូវបានផ្ទេរកម្មសិទ្ធិទៅឱ្យអតិថិជនបរទេស ក្នុងតម្លៃ៤៧,៣លានដុល្លារក្នុងមួយយូនីត ឬស្មើនឹង៦.១០០ដុល្លារក្នុងមួយហ្វីតការ៉េ។

ចំណែក ផ្ទះ Penthouse ថ្មីនៅក្នុងគម្រោង Gilstead off Newton Road និងគម្រោង Dunearn Road ត្រូវ​បាន​លក់ចេញចំនួន២យូនីត នៅក្នុង​ខែ​មេសា ក្នុងតម្លៃ១៤,៥លាន​ដុល្លារ​ក្នុង​មួយ​យូនីត។

ចំណែកឯ ផ្ទះ Penthouse  ចំនួន២យូនីត នៅក្នុងគម្រោង The Ritz-Carlton Residences Singapore Cairnhill ស្ថិតនៅលើផ្លូវ Cairnhill ត្រូវបានលក់ដាច់ កាលពីខែមករា ក្នុងតម្លៃ១៦,៥លានដុល្លារក្នុងមួយយូនីត។

យ៉ាងណាមិញ ការថយចុះនៃតម្រូវការ ពីសំណាក់ជនបរទេស ត្រូវបានគេរំពឹងថា អាចនឹងជះផលប៉ះពាល់លើទីផ្សារលំនៅដ្ឋានប្រភេទ Penthouse នៅប្រទេសសិង្ហបុរី។ ជាមួយគ្នានេះ ប្រជាជនសិង្ហបុរី ក៏មានជម្រើសកាន់តែច្រើនជាងមុនផងដែរក្នុងការស្វែងរកផ្ទះស្នាក់នៅ។

ជាក់ស្តែង ការដំឡើងអត្រាពន្ធប្រថាប់ត្រានៅសិង្ហបុរី បានបន្តធ្វើឱ្យតម្រូវការ ពីសំណាក់ជនបរទេសធ្លាក់ចុះ ដែលការណ៍នេះ បានបណ្តាលឱ្យទីផ្សារលំនៅដ្ឋាន ធ្លាក់ចុះអស់រយៈពេលប៉ុន្មានឆ្នាំជាប់ៗគ្នា។

ម្យ៉ាងវិញទៀត ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលធំៗនៅទូទាំងពិភពលោក គួបផ្សំនឹងវិធានការរបស់រដ្ឋាភិបាលសិង្ហបុរី ក្នុងការរឹតបន្តឹងការលាងលុយកខ្វក់ ក៏បានកាត់បន្ថយចរន្តលំហូរសាច់ប្រាក់ របស់ពលរដ្ឋបរទេសផងដែរ ជាពិសេសជនជាតិចិន៕ប្រភព: Edgeprop៕

LEAVE A REPLY

Please enter your comment!
Please enter your name here