អន្តរជាតិ: ក្រុមអ្នកវិភាគលើកឡើងថា ទីក្រុងប៉េកាំងអាចដាក់ចេញវិធានការបន្ថែមទៀតដើម្បីស្តារវិស័យអចលនទ្រព្យ និងសេដ្ឋកិច្ចចិននៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយនៅខែកក្កដានេះ បន្ទាប់ពីកិច្ចប្រជុំសមាជពេញអង្គលើកទី៣បានបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅ។
ប៉ុន្តែ ក្រុមអ្នកវិភាគព្រមានថា វិស័យអចលនទ្រព្យនឹងបន្តអូសទាញកំណើនសេដ្ឋកិច្ចចិនឱ្យធ្លាក់ចុះ ហើយវិស័យនេះនឹងមិនអាចមានស្ថានភាពល្អប្រសើរវិញក្នុងពេលឆាប់ៗនេះទេ ដោយសារបញ្ហាប្រឈមក្នុងការស្តារទំនុកចិត្តអតិថិជន និងតម្រូវការក្នុងស្រុក។
ទោះបីជាកិច្ចប្រជុំសមាជពេញអង្គលើកទី៣ មិនបានបង្ហាញគោលនយោបាយថ្មីដើម្បីជំរុញវិស័យអចលនទ្រព្យយ៉ាងណាក្តី ក៏រដ្ឋាភិបាលចិនបានក្រើនរំលឹកឡើងវិញនូវដំណោះស្រាយដើម្បីពន្លឿនការសាងសង់គំរូថ្មីមួយនៃការអភិវឌ្ឍន៍អចលនទ្រព្យ។
-->
ទីក្រុងប៉េកាំងបានប្តេជ្ញាធ្វើកំណែទម្រង់នៅក្នុងវិស័យនេះ រួមមានការកែប្រែវិធីសាស្រ្តហិរញ្ញវត្ថុ និងប្រព័ន្ធលក់មុន (Pre-sale) ក៏ដូចជាការកែលម្អការបង់ពន្ធលើអចលនទ្រព្យ។ លើសពីនេះ ទីក្រុងប៉េកាំងបានអំពាវនាវឱ្យមានការធ្វើសមាហរណកម្មរវាងការអភិវឌ្ឍន៍តំបន់ទីក្រុង និងតំបន់ជនបទរួមបញ្ចូលគ្នា។
លោក Han Wenxiu នាយករងផ្នែកប្រតិបត្តិនៅការិយាល័យនៃគណៈកម្មាធិការកណ្តាលសម្រាប់កិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ចចិន បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងកំពុងដំណើរការនគរូបនីយកម្ម ដែលនឹងផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់នៅក្នុងវិស័យអចលនទ្រព្យ”។
លោក Michael Chang ប្រធានផ្នែកហិរញ្ញវត្ថុអាស៊ីនៅក្រុមហ៊ុន CGS International បានលើកឡើងថា“ខ្លឹមសារទាំងស្រុងនៃសេចក្តីថ្លែងការណ៍ បានបង្ហាញពីបំណងប្រាថ្នាដ៏ច្បាស់លាស់របស់ប្រទេសចិន ដែលសំដៅជំរុញការបង្កើតគំរូអចលនទ្រព្យថ្មីឱ្យឆ្ពោះទៅមុខ និងផ្តោតលើតម្លៃសមរម្យ”។
លោក Michael Chang បានបញ្ជាក់ថា “ក្រុមអ្នកបង្កើតគោលនយោបាយគ្រោងនឹងផ្លាស់ប្តូរគំរូ ឬទម្លាប់របស់អ្នកអភិវឌ្ឍន៍ ដែលចូលចិត្តប្រមូលមូលនិធិពីអ្នកទិញផ្ទះតាមរយៈការលក់បែបPre-sale មុនពេលពួកគេសាងសង់ផ្ទះ”។ លោកបន្ថែមថា ការព្រួយបារម្ភអំពីស្ថិរភាពសង្គមបានជំរុញឱ្យអ្នកបង្កើតគោលនយោបាយផ្តល់អាទិភាពដល់គម្រោងដែលជាប់គាំងមិនទាន់បញ្ចប់រួចរាល់។
លោកស្រី Wang Xingping អ្នកវិភាគជាន់ខ្ពស់នៅក្រុមហ៊ុន Fitch Bohua បានលើកឡើងថា ការកើនឡើងនៃចំនួនគម្រោងអចលនទ្រព្យដែលមិនទាន់សាងសង់បញ្ចប់ និងការធ្លាក់ចុះនៃការលក់ បានដាក់សម្ពាធឱ្យប្រព័ន្ធលក់មុន(Presale) ត្រូវផ្លាស់ប្តូរឆ្ពោះទៅរកការលក់ផ្ទះដែលបានសាងសង់បញ្ចប់រួចរាល់”។
លោកស្រី Wang បានបន្ថែមថា “ទីក្រុងមួយចំនួននៅប្រទេសចិនបានចាប់ផ្តើមសាកល្បងគោលនយោបាយនេះ។ ប៉ុន្តែ អ្នកអភិវឌ្ឍន៍កំពុងប្រឈមនឹងសម្ពាធផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យការផ្លាស់ប្តូរជួបប្រទះសភាពយឺតយ៉ាវ”។
ចំណែក ក្រុមសេដ្ឋវិទូនៅស្ថាប័ន Goldman Sachs ដែលដឹកនាំដោយលោកស្រី Hui Shan បានបញ្ជាក់នៅក្នុងរបាយការណ៍មួយថា ក្រុមអ្នកបង្កើតគោលនយោបាយចិនមានការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការក្នុងស្រុក ហើយពួកគេអាចបង្កើនវោហាសាស្ត្រ និងវិធានការនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយនាខែកក្កដានេះ។
ទោះជាយ៉ាងណាក្តី វិស័យអចលនទ្រព្យនៅតែជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សេដ្ឋកិច្ចចិន បើទោះបីជាមានការខិតខំប្រឹងប្រែងនាពេលថ្មីៗនេះ ដូចជាការប្រកាសបោះទុនវិនិយោគចំនួន៣០០ពាន់លានយ័ន (ប្រមាណ៤១,២ពាន់លានដុល្លារ) កាលពីខែឧសភាដើម្បីជួយទិញលំនៅដ្ឋាន ដែលត្រូវបានផ្គត់ផ្គង់លើសតម្រូវការ៕ប្រភព: SCMP៕