អន្តរជាតិ: ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនអាមេរិក Boeing បានលើកឡើងថា ពួកគេបានដាក់ចេញផែនការឆ្ពោះទៅមុខ និងប្តេជ្ញាលុបបំបាត់បញ្ហាសុវត្ថិភាព និងការផលិតយន្តហោះរបស់ខ្លួន ដែលលក់ដាច់ជាងគេបំផុតនៅលើសកលលោក។
ផែនការនោះ រួមមានដូចជា ការត្រួតពិនិត្យឱ្យកាន់តែហ្មត់ចត់ លើប្រព័ន្ធសុវត្ថិភាពយន្តហោះ និងនីតិវិធីផលិតកម្ម ព្រមទាំងបណ្តុះបណ្តាលកម្មករ ឱ្យមានជំនាញកាន់តែរឹងមាំ និងទិញគ្រឿងបង្គុំ ពីក្រុមហ៊ុនផ្គត់ផ្គង់ធំៗត្រឡប់មកវិញ។

-->
ក្រុមហ៊ុន Boeing ធ្លាប់បានចំណាយពេលអស់ជាច្រើនឆ្នាំដើម្បីបញ្ចុះបញ្ចូលក្រុមនិយតករ ក្រុមហ៊ុនអាកាសចរណ៍ និងសាធារណៈជ នឱ្យមានទំនុកចិត្តឡើងវិញលើគុណភាព និងសុវត្ថិភាពនៃយន្តហោះ ដែលខ្លួនបានផលិតឡើង បន្ទាប់ពីមានព្រឹត្តិការណ៍ធ្លាក់យន្តហោះម៉ាក 737 Max ចំនួន២គ្រឿងកាលពីឆ្នាំ២០១៨ និងឆ្នាំឆ្នាំ២០១៩។
ប៉ុន្តែ ស្រាប់តែនៅខែមករា ឆ្នាំ២០២៤នេះ មានករណីយន្តហោះម៉ាកថ្មី Boeing 737 Max 9 មួយគ្រឿង បានរបើកទ្វារ ពេលកំពុងហោះលើមេឃ ខណៈអាជ្ញាធរអាកាសចរណ៍ស៊ីវីលអាមេរិក បានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ត្រូវស៊ើបអង្កេតរឹតបន្តឹងសុវត្ថិភាព។
ចំណែក យន្តហោះម៉ាកBoeing 757 របស់ក្រុមហ៊ុនអា កាសចរណ៍ Delta Airlines បានរបូតដាច់កង់មុខ ក្នុងអំឡុងពេលដែលយន្តហោះនេះ កំពុងធ្វើដំណើរចូលគន្លងផ្លូវ ដើម្បីត្រៀមខ្លួនហោះហើរ ចេញពីអាកាសយានដ្ឋានទីក្រុង Atlanta។

នៅក្នុងខែកក្កដានេះ ក្រុមហ៊ុន Boeing បានចុះកិច្ចព្រមព្រៀង ដើម្បីទិញត្រឡប់មកវិញ នូវក្រុមហ៊ុនផ្គត់ផ្គង់តួយន្តហោះរបស់ខ្លួនគឺ Spirit AeroSystems បន្ទាប់ពីក្រុមហ៊ុន Boeing បានលក់ចេញកាលពីឆ្នាំ២០០៥។
លើសពីនេះ ក្រុមហ៊ុន Boeing បានឈានដល់ការចុះកិច្ចព្រមព្រៀង ជាមួយក្រសួងយុត្តិធម៌អាមេរិក ដើម្បីសារភាពកំហុស ចំពោះការក្លែងបន្លំឯកសារ ទៅកាន់រដ្ឋាភិបាលអាមេរិក ទាក់ទងនឹងការធ្លាក់យន្តហោះ 737 Max ដ៏រន្ធត់កាលពីជិត៦ឆ្នាំមុន។
ក្រុមមេធាវីតំណាង ឱ្យក្រុមគ្រួសារជនរងគ្រោះ ដោយគ្រោះថ្នាក់ធ្លាក់យន្តហោះ បានរិះគន់កិច្ចព្រមព្រៀងនេះថា ជា“កិច្ចព្រមព្រៀងគ្មានភាពយុត្តិធម៌”។
ប្រសិនបើកិច្ចព្រមព្រៀង ត្រូវបានអនុម័តដោយចៅក្រមសហព័ន្ធ នោះក្រុមហ៊ុន Boeing នឹងអាចជៀសផុតការកាត់ក្តីឧក្រិដ្ឋកម្ម ដែលមានរយៈពេលយូរ និងត្រូវចំណាយប្រាក់ច្រើន៕ប្រភព: CNBC៕