អន្តរជាតិ: ក្នុងឆមាសទី១ ឆ្នាំ២០២៤ ប្រទេសវៀតណាមបានកត់ត្រាប្រតិបត្តិការទិញ -លក់អចលនទ្រព្យចំនួន២០.៦០០ប្រតិបត្តិការ ដែលចំនួននេះមានការកើនឡើង៣ដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ក្នុងចំណោមនោះ ប្រតិបត្តិការចំនួន១៤.៤០០ប្រតិបត្តិការ ត្រូវបានកត់ត្រានៅក្នុងត្រីមាសទី២ ដែលភាគច្រើនគឺជាការទិញ-លក់អាផាតម៉ិន។ នេះបើយោងតាមរបាយការណ៍របស់សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម (VARS)។
របាយការណ៍ដដែលបានបន្តថា ការទិញ-លក់អាផាតម៉ិនលំដាប់ខ្ពស់ ដែលមានតម្លៃលើសពី៥០លានដុង ក្នុងមួយម៉ែត្រការ៉េ (ប្រហែល១.៩៨០ដុល្លារអាមេរិក) មានចំណែកស្មើនឹង៤០% នៃប្រតិបត្តិការទិញ-លក់អាផាតម៉ិន សរុបនៅឆមាសទី១។
-->

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថា ចំនួនអាផាតម៉ិនជាង១២.២០០យូនីត ត្រូវបានដាក់លក់នៅទីផ្សារទីក្រុងហាណូយ នៅឆមាសទី១ ដោយក្នុងនោះ ចំនួន៨៤% នៃការផ្គត់ផ្គង់សរុប ត្រូវបានចាក់ចូលទីផ្សារនៅក្នុងត្រីមាសទីពីរ។
យោងតាមក្រុមហ៊ុនប្រឹក្សា អចលនទ្រព្យមួយផ្សេងទៀត Savills បានឱ្យដឹងថា ប្រតិបត្តិការទិញ-លក់អាផាតម៉ិនចំនួន២.៣០០យូនីត ដែលមានទីតាំងនៅទីក្រុងហូជីមិញ ត្រូវបានកត់ត្រានៅក្នុងត្រីមាសទី២ ដែលមានចំណែកស្មើនឹង៧០% នៃការលក់អាផាតម៉ិន នៅក្នុងឆមាសទី១ទាំងមូល។
លោកស្រី Pham Mien អ្នកជំនាញរបស់សមាគមអ្នកអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម (VARS) បានលើកឡើងថា “ទីផ្សារអចលនទ្រព្យបាន និងកំពុងស្ទុះងើបឡើងវិញ ដែលជំរុញដោយការលក់អាផាតម៉ិន ហើយវិស័យដីធ្លីកំពុងបង្ហាញសញ្ញាល្អប្រសើរឡើងវិញ។ ប៉ុន្តែវិស័យរមណីយដ្ឋានអចលនទ្រព្យនៅតែមានសភាពដុនដាប”៕ប្រភព: Vnexpress៕