សញ្ញាវិជ្ជមាន: ក្រុមហ៊ុនអចលនទ្រព្យធំៗរបស់ជប៉ុនកំពុងបង្កើនវត្តមាននៅតំបន់អាស៊ាន

0

អន្តរជាតិ: បណ្តាក្រុមហ៊ុនអចលនទ្រព្យធំៗ របស់ជប៉ុនកំពុងពង្រីកវត្តមាន នៅក្នុងតំបន់អាស៊ាន និងប្រទេសឥណ្ឌា ស្របពេលមានការកើនឡើង តម្រូវការការិយាល័យ និងអគារលំនៅដ្ឋានដែលមានគុណភាពខ្ពស់។

ក្រុមហ៊ុន Sumitomo Realty and Development បានបណ្តាក់ទុន ក្នុងគម្រោងធំៗចំនួន៣ នៅទីក្រុងបុមបៃ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ឥណ្ឌា។ ក្រុមហ៊ុនបានចាត់ទុកទីក្រុងបុមបៃជា “ម៉ាស៊ីនទី២” ដែលបានជួយជំរុញកំណើនអាជីវកម្មនៃក្រុមហ៊ុនរបស់ខ្លួន បន្ទាប់ពីទីក្រុងតូក្យូ ហើយគ្រោងនឹងបោះទុនវិនិយោគសរុប ក្នុងទឹកប្រាក់ចំនួន៧០០ពាន់លានយ៉េននៅក្នុងទីក្រុងបុមបៃ។

នៅខែតុលា ឆ្នាំ២០២៣ ក្រុមហ៊ុន Sumitomo បានទិញដីប្រហែល៨ម៉ឺនម៉ែត្រការ៉េ នៅចំកណ្តាលទីក្រុងបុមបៃ (Mumbai) ដើម្បីអភិវឌ្ឍន៍អគារធំមួយ ដែលរួមមានទីតាំងអាជីវកម្ម និងពាណិជ្ជកម្ម។ ក្រុមហ៊ុនក៏មានគម្រោងសាងសង់អគារការិយាល័យនៅទីតាំង២ផ្សេងទៀត នៅក្នុងទីក្រុងនេះផងដែរ។

ចំណែក ក្រុមហ៊ុន Mitsui Fudosan Co. កំពុងសាងសង់អគារការិយាល័យនៅទីក្រុង Bengaluru ហើយក្រុមហ៊ុន Mitsubishi Estate Co. បានចូលរួមបោះទុនវិនិយោគនៅក្នុងគម្រោងអភិវឌ្ឍន៍សួនអាជីវកម្ម នៅទីក្រុង Chennai ប្រទេសឥណ្ឌាដូចគ្នា។

គិតត្រឹមចុងខែមីនា ឆ្នាំនេះ ការជួលការិយាល័យប្រចាំឆ្នាំនៅទីក្រុងបុមបៃ មានតម្លៃជាមធ្យមចំនួន៤២១ដុល្លារ ក្នុងមួយម៉ែត្រការ៉េ បើធៀបនឹងតម្លៃជួលការិយាល័យនៅទីក្រុង Osaka ត្រឹមតែ៣៧១ដុល្លារ ក្នុងមួយម៉ែត្រការ៉េក្នុងមួយឆ្នាំ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL។

តម្រូវ​ការ​ការិយាល័យ​ នៅក្នុង​ទីក្រុង​ធំៗរបស់​ប្រទេស​ឥណ្ឌាត្រូវ​បាន​គេ​រំពឹង​ថា​នឹង​កើន​ឡើង​ ខណៈ​ក្រុមហ៊ុន​បរទេស​កំពុង​បង្កើន​វត្តមាន​របស់​ពួកគេ​នៅ​ទីនោះ។

ជាមួយគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជប៉ុនមួយចំនួនក៏ចូលរួម ក្នុងគម្រោងលំនៅដ្ឋានផងដែរ។ ជាក់ស្តែង ក្រុមហ៊ុន Tokyu Corp. កំពុងអភិវឌ្ឍន៍ខុនដូ អគារពាណិជ្ជកម្ម និងអគារផ្សេងទៀត នៅក្នុងទីក្រុងថ្មីទំហំ១០គីឡូម៉ែត្រការ៉េ ក្នុងខេត្ត Binh Duong ភាគខាងត្បូងនៃប្រទេសវៀតណាម។

ចំណែក ក្រុមហ៊ុន Nomura Real Estate Development Co. បានបណ្តាក់ទុននៅក្នុងគម្រោងចំនួន២៦ រួមទាំងការសាងសង់ខុនដូ ដែលភាគច្រើនមានទីតាំង នៅទីក្រុងបាងកក ប្រទេ​សថៃ។

ទោះជាយ៉ាងណាក្តី ការធ្វើនគរូបនីយកម្មយ៉ាងឆាប់រហ័សបានបង្កឱ្យមានបញ្ហាបរិស្ថាន យ៉ាងធ្ងន់ធ្ងរនៅក្នុងបណ្តាប្រទេ​ស ដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

ត្រង់ចំណុចនេះ គេសង្កេតឃើញថាបច្ចេកវិទ្យា ដែលបង្កើតឡើងដោយក្រុមហ៊ុនជប៉ុន ដូចជា ឧបករណ៍កាត់បន្ថយថាមពលប្រើប្រាស់នៅក្នុងអគារ កំពុងទាក់ទាញបានចំណាប់អារម្មណ៍ ស្របពេលដែលពិភពលោក មាននិន្នាការឆ្ពោះទៅកាន់ ការកាត់បន្ថយកាបូនឱ្យបានជាអតិបរមា៕ប្រភព: Japan News៕

LEAVE A REPLY

Please enter your comment!
Please enter your name here