ទីផ្សារជួលការិយាល័យនៅទីក្រុងគូឡាឡាំពួរ នឹងបង្ហាញសញ្ញាវិជ្ជមានក្នុងរយៈពេល១២ខែបន្ទាប់

0

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank បង្ហាញការព្យាករណ៍ជាវិជ្ជមាន ចំពោះទីផ្សារជួលការិយាល័យនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងរយៈពេល១២ខែបន្ទាប់។ នេះបើយោងតាមសន្ទស្សន៍ តម្លៃជួលការិយាល័យអាស៊ីប៉ាស៊ីហ្វិក (APAC) ប្រចាំត្រីមាសទីពីរឆ្នាំ២០២៤។

តួយ៉ាងការព្យាករណ៍បានបង្ហាញថា ទីផ្សារជួលការិយា​ល័យនៅទីក្រុងគូឡាឡាំពួរ នឹងនៅតែមានស្ថិរភាព និងឆ្លុះបញ្ចាំងពីតុល្យភាព ហើយស្ថិរភាពនេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់បណ្តាវិនិយោគិន និងក្រុមហ៊ុន ដែលកំពុងធ្វើការសម្រេចចិត្តលើការវិនិយោគរបស់ពួកគេ។

លោក Teh Young Khean អ្នកជំនាញនៅក្រុមហ៊ុន Knight Frank ប្រចាំនៅប្រទេសម៉ាឡេស៊ី បានលើកឡើងថា អត្រាតម្លៃជួល និងអត្រាគ្របដណ្តប់ការប្រើប្រាស់ ត្រូវបានគេរំពឹងថា នឹងមានភាពប្រសើរឡើង ដែលការណ៍នេះ បង្ហាញពីទស្សនវិស័យវិជ្ជមាន សម្រាប់ទីផ្សារអចលនទ្រព្យ នៅទីក្រុងគូឡាឡាំពួរ។

ជាក់ស្ដែង នៅត្រីមាសទី២ ឆ្នាំនេះ តម្លៃជួលការិយាល័យប្រភេទ Prime  នៅទីក្រុងគូឡាឡាំពួរ បានកើនឡើង២,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុនដល់៥,៨៧រីងហ្គីតក្នុងមួយហ្វីតការ៉េក្នុងមួយខែ ខណៈអត្រាការិយាល័យដែលគេទុកទំនេរចោល បានស្ថិតក្នុងរង្វង់២៨,៧ភាគរយ។

លោក Teh បានគូសបញ្ជាក់បន្ថែមថា “យើងបន្តសង្កេតឃើញតម្រូវការដ៏រឹងមាំ និងការសាកសួរយ៉ាងសកម្មពីសំណាក់បណ្តាក្រុមហ៊ុនរកស៊ី នៅក្នុងវិស័យនានា ដូចជា បច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ ធានារ៉ាប់រង សេវាកម្មអាជីវកម្មសកល ប្រេង និងឧស្ម័ន ព្រមទាំងធនាគារ និងស្ថាប័នហិរញ្ញវត្ថុ”៕ប្រភព: NST Online ៕

LEAVE A REPLY

Please enter your comment!
Please enter your name here