អន្តរជាតិ: មូលនិធិ ដែលប្រទេសអារ៉ាប៊ីសាអូឌីតបានបង្កើតឡើង ដើម្បីផ្តល់ហិរញ្ញប្បទាន ដល់ការសាងសង់អគារខ្ពស់ជាងគេបំផុតរបស់ពិភពលោក ត្រូវបានទិញយកនៅក្នុងទំហំទឹកប្រាក់ចំនួន១,៨ពាន់លានដុល្លារអាមេរិក។
តួយ៉ាង ក្រុមហ៊ុន Kingdom Holding Company និងក្រុមហ៊ុន Sumuo Holding Company បានបង្កើតសម្ព័ន្ធភាព និងបានឈានទៅចុះកិច្ចព្រមព្រៀងរួមគ្នា ដើម្បីទិញយកភាគហ៊ុនពីមូលនិធិ Al Inma Jeddah Economic Fund ដែលគ្រប់គ្រងដោយក្រុមហ៊ុន Jeddah Economic Company (JEC)។

-->
យោងតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន Kingdom Holding Company នឹងកាន់កាប់ចំណែកភាគហ៊ុនចំនួន៤០ភាគរយ នៅក្នុងមូលនិធិខាងលើ ខណៈក្រុមហ៊ុន Jeddah Economic Company នឹងកាន់កាប់ភាគហ៊ុនត្រឹមតែ៤,១%ប៉ុណ្ណោះ។ នេះបើយោងតាមឯកសារបង្ហាញនៅលើផ្សារហ៊ុន Tadawul ។
ដោយបង្កើតឡើងក្នុងឆ្នាំ២០០៩ ក្រុមហ៊ុន JEC កើតចេញពីការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុន Kingdo m Holding Company ក្រុមហ៊ុន Abrar Holding Company ក្រុមហ៊ុន Qila’a Jeddah Company និងក្រុមហ៊ុន Saudi Binladin Group ។

មូលនិធិនេះត្រូវបានបង្កើតឡើង ក្នុងគោលដៅផ្តល់ហិរញ្ញប្បទាន ដល់ការស្ថាបនាគម្រោងអគារ ខ្ពស់ជាងគេបំផុតនៅលើពិភពលោក Jeddah Tower ដែលមានកម្ពស់ប្រមាណ១.០០០ម៉ែត្រ។ នៅពេលសាងសង់រួចរាល់ អគារនេះនឹងវ៉ាដាច់អគារ Burj Khalifa នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម(UAE) ។
អគារខ្ពស់ជាងគេបំផុត នៅលើពិភពលោក Jeddah Tower មានទីតាំងស្ថិត នៅក្នុងសង្កាត់ Obhur ភាគខាងជើងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ អគារមានទំហំផ្ទៃក្រឡាសរុបប្រហែល១,៧លានម៉ែត្រការ៉េ ហើយនឹងមានសណ្ឋាគារ Four Seasons ផ្សារទំនើប ការិយាល័យពាណិជ្ជកម្ម និងលំនៅដ្ឋានប្រណីត៕ប្រភព: Gulf News៕