អន្តរជាតិ: ទីផ្សារអចលនទ្រព្យលក់រាយ ដូចជា ផ្សារទំនើបជាដើម នៅតំបន់អាស៊ានបានបង្ហាញ សញ្ញាប្លែកពីគ្នាអាស្រ័យទៅលើបរិបទបច្ចុប្បន្ន របស់ប្រទេសនីមួយៗ គួបផ្សំនឹងកត្តាខាងក្រៅ ដូចជា បញ្ហាសេដ្ឋកិច្ចសកល និងការដំឡើងអត្រាការប្រាក់។

ខាងក្រោមនេះ គឺជាស្ថានភាពតម្លៃជួលទីតាំងលក់រាយនៅទីក្រុងចំនួន៣ ក្នុងតំបន់អាស៊ានរបស់យើង គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤៖
-->
ទី១៖ ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី
ការផ្គត់ផ្គង់ទីតាំងលក់រាយ នៅទីក្រុងមួយនេះ បានកើនឡើងដល់១៧៥.៩០០ម៉ែត្រការ៉េ គិតត្រឹមត្រីមាសទី២ ខណៈតម្រូវការបានធ្លាក់ចុះ មកនៅត្រឹម៣១.៧២៣ម៉ែត្រការ៉េ។នេះបើយោងតាមរបាយការណ៍ ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers។
ចំណែកអត្រាទីតាំងលក់រាយ ដែលគេទុកទំនេរចោលបានស្ថិតក្នុងរង្វង់២៨,៥ភាគរយ ខណៈតម្លៃជួលជាមធ្យមនៅទូទាំងទីក្រុង បានស្ថិតនៅទ្រឹងត្រឹម៤៧៥.៨៧៤រូពៀ (ប្រហែល២៩,៣២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។
ទី២៖ ទីក្រុងបាងកក ប្រទេសថៃ
ស្តុកទីតាំងលក់រាយសរុបកម្រិត A នៅតំបន់កណ្តាលទីក្រុងបាងកក បានស្ថិតនៅទ្រឹងត្រឹម៩៨៦.២១៨ម៉ែត្រការ៉េ ក្នុងឆមាសទី១ ឆ្នាំនេះ។នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។
តម្លៃជួលជាមធ្យម បន្តមានស្ថិរភាពក្នុងរង្វង់៣.៥៩៦បាត(ប្រហែល៩៩,៥៣ដុល្លារ) ក្នុងមួយម៉ែត្រការ៉េ ក្នុងមួយខែក្នុងឆមាសទី១។ អត្រាទីតាំងលក់រាយ ដែលគេទុកទំនេរចោលនៅតំបន់ខាងលើ បានកើនឡើងដល់៣,៣៨%ក្នុងឆមាសទី១ ឆ្នាំនេះ បើធៀបនឹង៣,១១% នៅក្នុងឆមាសទី២ ឆ្នាំមុន។
ទី៣: ទីក្រុងហាណូយ ប្រទេសវៀតណាម
អត្រាទីតាំងលក់រាយ ដែលគេទុកទំនេរចោល នៅតំបន់កណ្តាលទីក្រុងហាណូយ បានថយចុះមកនៅត្រឹម៣,៧%នៅត្រីមាសទី២។ ចំនួននេះមានការធ្លាក់ចុះអស់០,២ភាគរយ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៤ ដោយសារតែស្ថិរភាពនៃតម្រូវការ ខណៈការផ្គត់ផ្គង់ថ្មីនៅមានកម្រិត។ នេះបើយោងតាមរបាយការណ៍ ពីសមាគមអចលនទ្រព្យវៀតណាម(VAR)។
នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ តម្លៃជួលទីតាំងលក់រាយ នៅឯតំបន់ពាណិជ្ជកម្មកណ្តាល របស់ទីក្រុងហាណូយ បានស្ថិតនៅទ្រឹង មកនៅត្រឹម៦៥,៤ដុល្លារអាមេរិក នៅក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ៕ប្រភព: Hanoi Times៕