តើការជួលដីឱ្យជនបរទេសរយៈពេល៩៩ឆ្នាំអាចផ្តល់ផលប្រយោជន៍ និងគុណវិបត្តិអ្វីខ្លះដល់ប្រទេសថៃ?

0

បាងកក: កាលពីពេលកន្លងទៅ រដ្ឋាភិបាលថៃបានប្រកា​សផែនការ ពង្រីកសិទ្ធិជួលដីរយៈពេលវែង ដល់រយៈពេល៩៩ឆ្នាំ និងបង្កើនកូតាកម្មសិទ្ធិទិញខុនដូ ដល់៧៥ភាគរយសម្រាប់ជនបរទេស។

តើការពង្រីកកម្មសិទ្ធិអចលនទ្រព្យ ដល់ជនបរទេសមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះសម្រាប់សេដ្ឋកិច្ច និងវិស័យអចលនទ្រព្យនៅប្រទេសថៃ?។

ទី១៖ការទប់ស្កាត់ការប្រើប្រាស់ឈ្មោះអ្នកដទៃដើម្បីទិញអចលនទ្រព្យ

កន្លងមក គេសង្កេតឃើញមាន​ករណី​ ក្រុមហ៊ុន​ខាងផ្នែកគណនេយ្យ​ និង​បណ្តាក្រុមហ៊ុនផ្នែកច្បាប់​ មួយចំនួនបាន​កាន់កាប់​ដី​ជំនួសឲ្យ​ជនបរទេស​ ដោយប្រើប្រាស់​ឈ្មោះអ្នកដទៃ។ ​ការណ៍នេះ បានធ្វើឱ្យ​ប្រទេស​ថៃខាតបង់ចំណូលពន្ធ​ និង​ចំណូល​កម្រៃផ្សេងៗទៀត។

ទី២៖ការទប់ស្កាត់បញ្ហាអ្នកឈរឈ្មោះតំណាង

សម្រាប់អ្នកជួលដី ដែលជាជនជាតិថៃ៖ ពួកគេមានសិទ្ធិប្រើប្រាស់ ដូចជាដីកសិកម្មរយៈពេលវែង  និងគោលបំណងលំនៅដ្ឋាន ពាណិជ្ជកម្ម និងឧស្សាហកម្មខ្នាតតូច ខណៈរយៈពេលជួលអាចបត់បែនបាន ដោយផ្អែកលើទំហំទុនវិនិយោគ។

ប៉ុន្តែសម្រាប់អ្នកជួលដី ដែលជាជនបរទេសត្រូវបំពេញលក្ខខណ្ឌដូចជា៖ ជនបរទេសអាច​ជួល​ដី ក្នុងទំហំអតិបរមា១រ៉ៃ ហើយជនបរទេស អាចយកដីនោះទៅប្រើប្រាស់ សម្រាប់សាងសង់លំនៅដ្ឋានតែប៉ុណ្ណោះ។

ប្រសិនបើជនបរទេសទុកដី ឱ្យនៅទំនេរក្នុងរយៈពេល៣ឆ្នាំ នោះពួកគេត្រូវបង់អត្រាពន្ធដីធ្លីចំនួន៣% ក្នុងមួយឆ្នាំដើម្បីទប់ស្កាត់ការទិញទុកលក់ចំណេញ ហើយជនបរទេសត្រូវចំ​ណាយប្រាក់លើថ្លៃចុះឈ្មោះ និងបង់ពន្ធប្រចាំឆ្នាំខ្ពស់ជាងពល​រដ្ឋថៃ។

ទី៣៖ ការជួយជំរុញសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ

លោក Surachet Kongcheep នាយកគ្រប់គ្រងក្រុមហ៊ុន Property DNA បានមានប្រសាសន៍ឱ្យដឹងថា ការពង្រីករយៈពេលជួលដីដល់៩៩ឆ្នាំ សម្រាប់ជនបរទេស  អាចទាក់ទាញការចាប់អារម្មណ៍ កាន់តែច្រើនមកលើដីឡូតិ៍ធំៗ របស់រដ្ឋាភិបាល ទីភ្នាក់ងារ ឬសហគ្រាសរដ្ឋ ហើយថែមទាំងជួយស្តារទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចថៃដែលកំពុងធ្លាក់ចុះ។

ទី៤៖ ការបង្កើនកូតាកម្មសិទ្ធិទិញខុនដូដល់ជនបរទេសនៅក្នុងគម្រោងខុនដូណាមួយ។

ជនបរទេស បានក្លាយជាផ្នែកមួយដ៏សំខាន់ នៃទីផ្សារខុនដូរបស់ប្រទេសថៃ។  ការអនុញ្ញាតឱ្យជនបរទេស មានសិទ្ធិកាន់កាប់ខុនដូដល់៧៥% នៅក្នុងគម្រោងណាមួយ អាចតម្រូវឱ្យមានបទប្បញ្ញត្តិបន្ថែមទៀត។ លើស​ពី​នេះ តម្លៃ​លក់​ឱ្យ​ជន​បរទេស ​ត្រូវ​កំណត់​ឱ្យ​ខ្ពស់​ជាង​តម្លៃ​លក់ ​ឱ្យ​អ្នក​ទិញ​ដែលជាជនជាតិថៃ ។

ទី៥៖ ផលប៉ះពាល់រយៈពេលវែងដែលអាចកើតមាន

ប្រសិនបើចំណាត់ការទាំងនេះ មានលក្ខណៈអចិន្ត្រៃយ៍ ដោយគ្មានពេលវេលា កំណត់ច្បាស់លាស់ នោះផលប៉ះពាល់រយៈពេលវែងច្បាស់ជាអាចកើតឡើង។

ទីផ្សារនឹងពឹងផ្អែកកាន់តែលើ តម្រូវការរបស់ជនបរទេស ជាជាងអំណាចនៃការទិញក្នុងស្រុក។ អ្នកអភិវឌ្ឍន៍បរទេសអាចជ្រៀតចូល ទៅក្នុងទីផ្សារថៃដោយឯករាជ្យ  ដែលការណ៍នេះ អាចបង្កផលប៉ះពាល់ដល់ការងារ ជីវភាពរស់នៅ និងសុខុមាលភាពរបស់ពលរដ្ឋថៃ ក្នុងរយៈពេលវែង៕ប្រភព:The nation ៕

LEAVE A REPLY

Please enter your comment!
Please enter your name here