អន្តរជាតិ: ក្រុមហ៊ុនផ្នែកតុបតែងដេគ័រអគារ SCG Décor (SCGD) រំពឹងថា ប្រាក់ចំណូលរបស់ខ្លួន នឹងកើនឡើង១០%នៅឆ្នាំនេះ ដល់ទំហំទឹកប្រាក់ចំនួន៣០ពាន់លានបាត ដែលជំរុញដោយការលក់ផលិតផល នៅក្នុងទីផ្សារអាស៊ាន។

បន្ថែមពីលើនោះ ក្រុមហ៊ុនថែមទាំងជឿជាក់ថា ប្រាក់ចំណូលរបស់ខ្លួន នឹងកើនឡើងទ្វេរដង ក្នុងឆ្នាំ២០៣០ខាងមុខ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន Bangkok Post ។
-->
លោក Numpol Malichai ប្រធានប្រតិបត្តិ និងជានាយកគ្រប់គ្រងក្រុមហ៊ុន SCGD បានមានប្រសាសន៍ឱ្យដឹងថា “យើងនឹងពង្រីកអាជីវកម្ម តាមរយៈយុទ្ធសាស្រ្តកំណើនសរីរាង្គ និងអសរីរាង្គនៅក្នុងប្រទេសថៃ និងបណ្តាប្រទេសអាស៊ានដទៃទៀត។
យុទ្ធសាស្រ្តកំណើនសរីរាង្គ(Organic growth) កើតឡើង នៅពេលណា ដែលក្រុមហ៊ុនអាជីវកម្មរីកចម្រើន ដោយសារការខិតខំប្រឹងប្រែងរបស់ខ្លួនឯង ខណៈកំណើនអសរីរាង្គកើតឡើង នៅពេលណាដែលក្រុមហ៊ុន ត្រូវការការគាំទ្រពីខាងក្រៅ ដូចជាការច្របាច់ក្រុមហ៊ុនបញ្ចូលគ្នា ការទិញយកក្រុមហ៊ុនផ្សេងៗ ដើម្បីពង្រីកវត្តមានរបស់ខ្លួន។
ជាពិសេស ក្រុមហ៊ុន SCG Décor គ្រោងនឹងបង្កើនខ្សែបណ្តាញលក់បន្ថែមទៀត នៅក្នុងប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្នុងគោលបំណងជំរុញ ការលក់ផលិតផលរបស់ខ្លួន។
លោក Numpol បានបញ្ជាក់ថា “យើងនឹងបើកដំណើរការបន្ទប់ដាក់តាំងបង្ហាញថ្មី(Showroom)ចំនួន២នៅទីក្រុងបាងកក និងកោះភូកេត។ ចំណែក នៅក្នុងប្រទេសកម្ពុជា និងវៀតណាម យើងក៏បានសហការគ្នា ជាមួយក្រុមហ៊ុនក្នុងស្រុក ដើម្បីបើកដំណើរការបន្ទប់ដាក់តាំងបង្ហាញថ្មីៗផងដែរ”។
លើសពីនេះ ក្រុមហ៊ុនគ្រោងនឹងបង្កើន ការលក់ផលិត ផល ដែលមានតម្លៃបន្ថែមខ្ពស់ ជាពិសេសផលិតផលបៃតងនៅក្នុងទីផ្សារអាស៊ាន ព្រោះយើងមិនត្រឹមតែទាក់ទាញអ្នកប្រើប្រាស់ តាមរយៈការលក់ផលិតផល គុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែយើងថែមទាំងទទួលបាន ប្រាក់ចំណេញខ្ពស់ផងដែរ៕ប្រភព: Bangkok Post៕