តើតម្លៃខុនដូ និងផ្ទះ Townhouse នៅទីក្រុងញូវយ៉កមានតម្លៃប៉ុន្មានក្នុងមួយយូនីត?

0

អន្តរជាតិ: ទីផ្សារអចលនទ្រព្យបែបលំនៅដ្ឋាន នៅក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបន្តរក្សាបាននូវស្ថិរភាពនៅឆមាសទី១ ឆ្នាំ២០២៤ ខណៈការផ្គត់ផ្គង់នៅមានកម្រិត។នេះបើយោងតាមរបាយការណ៍សិក្សាមួយ ដែលដាក់ឈ្មោះថា “THE BOND REPORT”។

មូលហេតុចម្បង ដែលធ្វើឱ្យទីផ្សារស្ថិតក្នុងសភាពទ្រឹងគឺបណ្តាលមកពីអ្នកទិញ និងអ្នកលក់ជាច្រើន នៅតែបន្តប្រុងប្រយ័ត្ន ស្របពេលដែលមានភាពមិនច្បាស់លាស់ សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិក នាខែវិច្ឆិកាខាងមុខ រួមទាំងជម្លោះអន្តរជាតិ និងគោលនយោបាយ អត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក។

យ៉ាងណាមិញ តម្លៃអចលនទ្រព្យ ជាពិសេសខុនដូនៅក្នុងទីក្រុងញូវយ៉ក ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មដ៏ធំបំផុតមួយ នៅលើពិភពលោក នៅតែបន្តមានតម្លៃខ្ពស់កប់ពពកដដែល។

តួយ៉ាង តម្លៃខុនដូជាមធ្យមនៅសង្កាត់ Manhattan បានបន្តកើនឡើង ដល់៣.០០៦.១០២ដុល្លារ ក្នុងមួយយូនីតនៅត្រីមាសទី២ បើធៀបនឹងតម្លៃជាមធ្យមនៅត្រីមាសទី១ មានតម្លៃជាង២.៥លានដុល្លារក្នុងមួយយូនីត។

ក្នុងនោះ តម្លៃខុនដូដែលមានបន្ទប់គេងចំនួន១ បានបន្តកើនឡើងដល់១,០៩លានដុល្លារ ក្នុងមួយយូនីតនៅត្រីមាសទី២ បើធៀបនឹងតម្លៃជាមធ្យម នៅត្រីមាសទី១ចំនួន៩៩៩.០០០ដុល្លារក្នុងមួយយូនីត។

ចំណែកតម្លៃខុនដូ ដែលមានបន្ទប់គេងចំនួន២ និងបន្ទប់គេងចំនួន៣ បានបន្តកើនឡើងដល់២,០៥លានដុល្លារ និង៣,៩លានដុល្លាររៀងៗគ្នា ក្នុងមួយយូនីតនៅត្រីមាសទី២ បើធៀបនឹងតម្លៃជាមធ្យម មានចំនួន១,៩២លានដុល្លារ និង៣,៦២លានដុល្លារក្នុងមួយយូនីត នៅត្រីមាសទី១ឆ្នាំនេះ។

ផ្ទុយទៅវិញ តម្លៃផ្ទះ Townhouse ជាមធ្យមបានធ្លាក់ចុះ១១,១៤ភាគរយ មកនៅត្រឹម៨.១០៩.៥២៣ដុល្លារ ក្នុងមួយយូនីត ឬស្មើនឹង១.៥០១ដុល្លារ ក្នុងមួយហ្វីតការ៉េ នៅត្រីមាសទី២ បើធៀបនឹងតម្លៃ៩.១២៦.១២៩ដុល្លារ ក្នុងមួយយូនីតនៅត្រីមាសទី១ ឬស្មើនឹង២.០១៤ដុល្លារ ក្នុងមួយហ្វីតការ៉េ៕ប្រភព:BOND Market Report៕

LEAVE A REPLY

Please enter your comment!
Please enter your name here