អូស្ត្រាលីប្រកាសពន្យាសុពលភាពទិដ្ឋាការទេសចរណ៍បែប ធុរកិច្ចដល់៥ឆ្នាំសម្រាប់ប្រជាជាតិស៊ាន

0

អន្តរជាតិ: នៅខែកក្កដានេះ រដ្ឋាភិបាលអូស្ត្រាលីបានប្រ​កា​សពន្យារសុពលភាព ទិដ្ឋាការទេសចរណ៍ធុរកិច្ច(Business Visitor Visa) ដល់ប្រជាជនមកពីបណ្តាប្រទេសសមាជិកសមាគមអាស៊ានទាំង១០ និងប្រទេសទីម័រខាងកើត។

យោងតាមរដ្ឋាភិបាលអូស្ត្រាលីបានឱ្យដឹងថា ប្រជាជនប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងទីម័រខាងកើត ដែលបានដាក់ពាក្យសុំទិដ្ឋាការប្រភេទ Business Visitor ក្រោយថ្ងៃទី១ ខែមេសា ឆ្នាំនេះ មានសិទ្ធិទទួលបានសម្រាប់ទិដ្ឋាការ ចូលបានច្រើនលើក(multiple-entry) និងមានសុពលភាពយូរជាងមុន។

សារពត៌មាន VisaGuide.World បានរាយការណ៍ថា ឥឡូវនេះ ប្រជាជនមកពីបណ្តាប្រទេសទាំង១១ ដែលបានរៀបរាប់ខាងលើ នឹងទទួលបានទិដ្ឋាការទេសចរណ៍ បែបធុរកិច្ច(Business Visitor) ដែលមានសុពលភាពរយៈពេល៥ឆ្នាំ បើធៀបនឹងសពុលភាពកំណត់ពីមុនត្រឹមតែ៣ឆ្នាំ។

ជាមួយគ្នានេះ រដ្ឋាភិបាលបានបញ្ជាក់ថា ភ្ញៀវទេសចរណ៍ ដែលមានទិដ្ឋាការ Business Visitor អាចស្នាក់នៅក្នុងប្រទេសអូស្ត្រាលីបានចំនួន៣ខែ ជារៀងរាល់ពេលដែលពួកគេធ្វើដំនើរ មកកាន់ប្រទេសអូស្ត្រាលីក្នុងមួយលើកៗ។

ការផ្លាស់ប្តូរគោលការណ៍នេះ មានគោលដៅជួយសម្រួលដល់ការធ្វើអាជីវកម្មឱ្យកាន់តែរលូន និងញឹកញាប់ជាងមុន ដោយអនុញ្ញាតឱ្យពលរដ្ឋបរទេស មានសិទិ្ធទទួលបានការស្នាក់នៅយូរជាងមុន និងអាចធ្វើដំណើរ មកកាន់ទឹកដីអូស្ត្រាលីបានច្រើនលើក។

បន្ថែមពីលើនោះ នៅចុងឆ្នាំ២០២៤នេះ រដ្ឋាភិបាលអូស្ត្រាលីក៏គ្រោងនឹងពង្រីក សុពលភាពទិដ្ឋាការប្រភេទ Visitor Visa Frequent Traveler ដែលមានរយៈពេល១០ឆ្នាំ ដោយគ្របដណ្តប់ទៅលើប្រជាជន មកពីបណ្តាប្រទេសអាស៊ានទាំង៩ ដោយមិនរាប់បញ្ចូលមីយ៉ាន់ម៉ា និងទីម័រខាងកើត៕ប្រភព:VisaGuide.World៕

LEAVE A REPLY

Please enter your comment!
Please enter your name here