កំណើនប្រជាជនរំពឹងជំរុញតម្រូវការទីផ្សារអចលនទ្រព្យពាណិជ្ជកម្មនៅអូស្ត្រាលី

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Sameer Chopra អ្នកវិភាគអចលនទ្រព្យជើងចាស់ បានលើកឡើងថា បណ្តាវិនិយោគិនអូស្ត្រាលី គួរតែបោះទុន ទៅក្នុងវិស័យការិយាល័យ ហាង និងសណ្ឋាគារឱ្យចំទីតាំងល្អ  ពីព្រោះតម្លៃអចលនទ្រព្យទាំងនេះ នឹងកើនឡើងគ្រប់ទិសទី។

លោក Sameer Chopra ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានលើកឡើងថា នេះគឺជាពេលវេលាដ៏អស្ចារ្យមួយ ក្នុងការទិញអចលនទ្រព្យ ហើយនៅពេលដែលអ្នកដទៃភ័យស្លន់ស្លោ នោះគឺជាពេលវេលាល្អ ដែលអ្នកគួរតែព្យាយាមយ៉ាងសកម្ម”។

លោកបញ្ជាក់ថា កត្តាសំខាន់ៗចំនួន៣៖  ដែលរួមចំណែកដល់សុទិដ្ឋិនិយម សម្រាប់ការវិនិយោគ រួមមាន ទី១: មនុស្សជាង១លាននាក់ ដែលនឹងមកដល់ប្រទេសអូស្ត្រាលី ក្នុងរយៈពេល៣ឆ្នាំខាងមុខ នឹងជំរុញឱ្យតម្រូវការអចលនទ្រព្យ កើនឡើង។ ទី២: ថ្លៃដើមខ្ពស់លើការសាងសង់អចលនទ្រព្យថ្មី  និងទី៣: ការព្យាករណ៍អំពីការបញ្ចុះអត្រាការប្រាក់។

លោក Chopra បានបន្តទៀតថា “កំណើនប្រជាជន នឹងទាមទារមិនត្រឹមតែការសាងសង់ ផ្ទះចំនួន៤០០.០០០យូនីតប៉ុណ្ណោះ ទេ ប៉ុន្តែក៏ទាមទារឱ្យមានការអភិវឌ្ឍ អចលនទ្រព្យបែបពាណិជ្ជកម្មផងដែរ”។

លោកជឿជាក់ថា ប្រជាជនជាង១លាននាក់ ដែលចូលមករស់នៅក្នុងប្រទេសអូស្ត្រាលី ក្នុងរយៈពេល៣ខាងមុខ នឹងបង្កើ​តតម្រូវការសាងសង់ មជ្ឈមណ្ឌលដឹកជញ្ជូនថ្មីទំហំ៤,៥លានម៉ែត្រការ៉េ កន្លែងលក់រាយទំហំ៨០ម៉ឺនម៉ែត្រការ៉េ ការិយាល័​យទំហំ៨០ម៉ឺនម៉ែត្រការ៉េ។ សណ្ឋាគារចំនួន១១.៥០០បន្ទប់ និងមន្ទីរពេទ្យចំនួន៣.៣០០គ្រែ។

យ៉ាងណាមិញ លោកបានកត់សម្គាល់ថា ថ្លៃដើមលើការសាងសង់ បានកើនឡើង៣០ភាគរយ ដែលការណ៍នេះកំពុងតែដាក់សម្ពាធយ៉ាងខ្លាំង លើទីផ្សារពាណិជ្ជកម្ម បន្ថែមពីលើទីផ្សារលំនៅដ្ឋាន។

លោកបញ្ជាក់ថា “ដូច្នេះ យើងត្រូវស្វែងរកដើមទុនឱ្យបានច្រើន ដើម្បីបោះទុនវិនិយោគលើអចលនទ្រព្យ ដែលមានស្រា​ប់ ព្រោះការសាងសង់ថ្មីទាមទារថ្លៃដើមខ្ពស់។ ជាពិសេស​ អចលនទ្រព្យ​ ដែលមានទីតាំងនៅជិត​គម្រោង អភិវឌ្ឍ​ន៍ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី​នឹងផ្តល់ផលចំណេញល្អ”។

បន្ថែមលើនេះ លោក Chopra បានព្យាករណ៍ថា ធនាគារកណ្តាលអូស្ត្រាលី(RBA) នឹងកាត់បន្ថយអត្រាការប្រាក់ចន្លោះពី៨ទៅ១០ដង ចាប់ពីពេលនេះ រហូតដល់ឆ្នាំ២០២៦ខាងមុខ។ការណ៍នេះអាចជះឥទ្ធិពលវិជ្ជមាន សម្រាប់ការវិនិយោគលើទីផ្សារអចលនទ្រព្យ៕ប្រភព:AFR៕

LEAVE A REPLY

Please enter your comment!
Please enter your name here