ម៉ាឡេស៊ីគ្រោងបង្កើតទីក្រុងរណបធំៗចំនួន២តម្លៃ៧,៥ពាន់លានដុល្លារនៅក្បែរព្រំដែន

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុន Tropicana Corp គ្រោងបង្កើតទីក្រុងខ្នាតយក្សចំនួន២នៅរដ្ឋ Johor ប្រទេសម៉ាឡេស៊ី ដែលមានតម្លៃជាង៣៥ពាន់លានរីងហ្គីត (ប្រហែល៧,៤៧ពាន់លានដុល្លារ) ស្របពេលទីផ្សារអចលនទ្រព្យកំពុងរីកចម្រើន។

លោក Khoo Thian Shyang អគ្គនាយករងក្រុមហ៊ុន Tropicana Corp បានលើកឡើងថា “លោក Tan Sri Danny Tan ដែលស្ថាបនិកក្រុមហ៊ុន គ្រោងបង្កើតគម្រោងទីក្រុង Lido Waterfront Boulevard និងទីក្រុង Tropicana Uplands ក្នុងរដ្ឋ Johor ដោយមើលឃើញតម្រូវការលំនៅដ្ឋាន ពាណិជ្ជកម្ម កន្លែ​ងកម្សាន្ត និងកន្លែងរស់នៅនាពេលអនាគត”។

លោក Khoo អះអាងថា ក្រុមហ៊ុនមានទំនុកចិត្ត ចំពោះ​សក្តានុពល នៅក្នុងទីផ្សារអចលនទ្រព្យ Johor ជាពិសេសជនបរទេសចម្រុះជាតិសាសន៍ កំពុងបង្ហាញចំណាប់អារម្មណ៍ និងការសាកសួរ ពីសំណាក់ក្រុមហ៊ុនសិង្ហបុរី អំពីអគារការិយា​ល័យកម្រិត A និងសណ្ឋាគារប្រណីត។

ចាប់តាំងពីឆ្នាំ២០១០មក ក្រុមហ៊ុន Tropicana បានឈានជើងចូលមកក្នុងរដ្ឋ Johor តាមរយៈភាពជាដៃគូជាមួយក្រុមហ៊ុន Iskandar Waterfront ដើម្បីបង្កើតតំបន់ Tropicana Danga Bay ទំហំ១៥ហិកតា និងទីក្រុង Tropicana Danga Cove ទំហំ៩២ហិកតា។

លោកបន្តថា “យើងមានដីប្រហែល៤០៥ហិកតា នៅរដ្ឋ Johor។ យើងកំពុងចាប់យកឱកាស ដើម្បីបើកដំណើរការទីក្រុងធំៗទាំងពីរនេះ”។

លោក Khoo បានបញ្ជាក់ប្រាប់កាសែត Business Times ការដំឡើងតម្លៃជួលបច្ចុប្បន្ន នៅក្នុងប្រទេសសិង្ហបុរី បានប្រែក្លាយជាឱកាសធ្វើដ៏ល្អ សម្រាប់ក្រុមហ៊ុនរបស់យើង ដើម្បីដាក់ចេញនូវការអភិវឌ្ឍន៍ គម្រោងទីក្រុងទាំងនេះ ដើម្បីជំរុញកំនើននៅក្នុងទីផ្សារដែលកំពុងរីកចម្រើន។

ជាក់ស្តែង គម្រោងទីក្រុង Lido Waterfront Boulevard ដែលមានទុនវិនិយោគជាង២៥ពាន់លានរីងហ្គីត នឹងសាងសង់នៅលើផ្ទៃដីទំហំ៦៦ហិកតា នៅតាមបណ្តោយមាត់ទឹកក្បែរព្រំដែនជាមួយប្រទេសសិង្ហបុរី។ ទីក្រុងនេះ នឹងរួម​បញ្ចូល​នូវវិស័យ​ដូចជា​ ផ្នែក​ថែទាំ​សុខភាព ទេសចរណ៍​ វេជ្ជសាស្រ្ដ បដិសណ្ឋារកិច្ច ការ​កម្សាន្ដ និង​របៀប​រស់នៅ។

ចំណែក គម្រោងទីក្រុង Tropicana Uplands នឹងលាតសន្ធឹងនៅលើផ្ទៃដី ទំហំជាង១២៧ហិកតានៅសង្កាត់ Gelang Patah ក្នុងរដ្ឋ Johor ដដែល ដែលជាបណ្តុំតំបន់លំនៅដ្ឋានសម្រាប់បម្រើឱ្យការរស់នៅ។

លោក Khoo បានបញ្ជាក់ថា ទីក្រុងទាំងពីរនេះមានទីតាំងជាយុទ្ធសាស្ត្រ ដោយបង្កភាពងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ផ្លូវថ្នល់ធំៗ និងផ្លូវល្បឿនលឿន Malaysia-Singapore Second Link Expressway ដែលបន្ថែមភាពរស់រវើកដល់ទេសភាពរដ្ឋ Johor ។

លោកបន្ថែមថា “នៅពេលណាគម្រោងនេះ ត្រូវបានបញ្ចប់រួចរាល់ រដ្ឋ Johor នឹងមានសភាពមមាញឹក ជាងទីក្រុងគូឡាឡាំពួរ។ យើងសាទរចំពោះការបង្កើត តំបន់សេដ្ឋកិច្ចពិសេស ដែលនឹងជំរុញតម្រូវការ អចលនទ្រព្យនៅទូទាំងរដ្ឋ Johor រួមទាំងផ្ទះ ការិយាល័យ ផ្សារទំនើប និងសណ្ឋាគារ”៕ប្រភព: NST Online៕

LEAVE A REPLY

Please enter your comment!
Please enter your name here