ក្រុមសេដ្ឋវិទូព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសចិនប្រឈមហានិភ័យនៃការដាំក្បាលចុះអស់ពាក់កណ្តាល

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ការស្រាវជ្រាវថ្មីបង្ហាញថា ការកំណត់ពន្ធថ្មីចំនួ ន៦០% លើការនាំចេញទំនិញរបស់ចិនទាំងអស់ ទៅកាន់សហរដ្ឋអាមេរិក នឹងធ្វើឱ្យអត្រាកំណើនសេដ្ឋកិច្ចចិន ប្រចាំឆ្នាំធ្លាក់ចុះអស់ពាក់កណ្តាល ប្រសិនបើអតីតប្រធានាធិបតីអាមេរិកលោក Donald Trump ត្រឡប់ទៅកាន់សេតវិមានម្តងទៀត។

យោងតាមធនាគារវិនិយោគខ្នាតយក្ស UBS Group AG របស់ប្រទេសស្វីសបានឱ្យដឹងថា លោក Trump កំពុងពិចា​រណាដាក់ពន្ធថេរ ក្នុងអត្រា៦០ភាគរយ លើការនាំចូលផលិត​ផលគ្រប់ប្រភេទពីប្រទេសចិន ដែលវិធានការនេះនឹងកាត់បន្ថយកំណើនសេដ្ឋកិច្ចចិន អស់២,៥ភាគរយក្នុងឆ្នាំបន្តបន្ទាប់។

ទីក្រុងប៉េកាំងបានដាក់ចេញគោលដៅ សម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ប្រហែល៥ភាគរយ នៅឆ្នាំ២០២៤នេះ បន្ទាប់ពីសេដ្ឋកិច្ចចិន បានកើនឡើង៥,២ភាគរយ នៅក្នុងឆ្នាំ២០២៣កន្លងទៅ។

ក្រុមសេដ្ឋវិទូរបស់ធនាគារខាងលើ បានគូសបញ្ជាក់ថា ការព្យាករណ៍នេះ ត្រូវបានធ្វើឡើងដោយផ្អែក លើការវាយតម្លៃ និងសន្មតថា “លំហូរពាណិជ្ជកម្មមួយចំនួន ត្រូវបានបង្វែរតាមរយៈប្រទេសទី៣ ហើយប្រទេសចិន មិនធ្វើការសងសឹកបកត្រឡប់ទៅវិញ ហើយបណ្តាប្រទេសផ្សេងទៀត មិនចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការយកពន្ធលើទំនិញគ្រប់មុខរបស់ចិន”។

ធនាគារស្វីស UBS  បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា “មូលហេតុដែលអាចធ្វើឱ្យ កំណើនសេដ្ឋកិច្ចចិនប្រចាំឆ្នាំធ្លាក់ចុះអស់២,៥% បណ្តាលមកពីការធ្លាក់ចុះនៃការនាំចេញ គួបផ្សំនឹងការជះផលប៉ះពាល់ ដល់ការប្រើប្រាស់ និងការវិនិយោគ”។

គិតរហូតមកដល់ពេលនេះ ការនាំចេញគឺជាកាតាលីករដ៏សំខាន់ ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចចិន ដែលគ្របដណ្តប់ចំណែក១៤% នៃផលទុនជាតិសរុប(GDP) របស់ប្រទេសចិន ប៉ុន្តែក្នុងពេលដំណាលគ្នានេះ បណ្តាប្រទេសដៃគូពាណិជ្ជកម្មមួយចំនួន បានពិចារណាដាក់ពន្ធគយលើទំនិញចិន ដើម្បីទប់ទល់នឹងឱនភាពពាណិជ្ជកម្ម របស់ពួកគេជាមួយទីក្រុងប៉េកាំង។

របាយការណ៍បានបន្ថែមថា រដ្ឋាភិបាលចិន អាចនឹងប្រើប្រាស់វិធានការសារពើពន្ធ និងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ ដើម្បីកាត់បន្ថយផលប៉ះពាល់ ពីការដំឡើងពន្ធរបស់សហរដ្ឋអាមេរិក ខណៈធនាគារកណ្តាលចិន(PBOC) អាចនឹងអនុញ្ញាតឱ្យរូបិយប័ណ្ណប្រាក់យ័ន ក្នុងស្រុករបស់ខ្លួនធ្លាក់ថ្លៃចុះចាប់ពី៥% ទៅ១០% ដើម្បីជំរុញការនាំចេញ៕ប្រភព: Bloomberg៕

LEAVE A REPLY

Please enter your comment!
Please enter your name here