ADBគ្រោងនឹងផ្តល់ប្រាក់កម្ចីជិត៥ពាន់លានដុល្លារអាមេរិកដល់ហ្វីលីពីននៅឆ្នាំនេះ ដើម្បីជំរុញការអភិវឌ្ឍ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គ្រោងពង្រីកការផ្តល់ប្រាក់កម្ចីចំនួន៤,៩៨ពាន់លានដុល្លារ ដល់ប្រទេសហ្វីលីពីននៅឆ្នាំ២០២៤នេះ សម្រាប់ការអភិវឌ្ឍន៍គម្រោងនានា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ។

ការផ្តល់ហិរញ្ញប្បទាននេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រភាពជាដៃគូរវាងធនាគារ ADB និងរដ្ឋាភិបាលហ្វីលីពីន ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៩ ដើម្បីធ្វើយ៉ាងណាជួយឱ្យហ្វីលីពីន សម្រេចបាននូវលទ្ធផល នៃការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងល្អគាប់ប្រសើរ។

លោក Pavit Ramachandran អគ្គនាយកធនាគារ ADB ប្រចាំប្រទេសហ្វីលីពីន បានលើកឡើងថា ប្រាក់កម្ចីទាំងនេះ នឹងត្រូវបានវិនិយោគ ទៅលើការ​ពង្រឹង​ការ​អភិវឌ្ឍ​មនុស្ស ការ​ជំរុញ​ការ​ប្រកួត​ប្រជែង​ផ្នែកសេដ្ឋកិច្ច និង​ការកសាងហេដ្ឋារចនាសម្ព័ន្ធ​ ព្រមទាំងការ​ពង្រីក​ការ​អភិវឌ្ឍ​ភាព​ធន់ ​នឹង​គ្រោះ​មហន្តរាយ។

បន្ថែមពីលើនោះ ភាពជាដៃគូថ្មីនេះ ស្របតាមផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាលហ្វីលីពីន ចាប់ពីឆ្នាំ២០២៣ដល់ឆ្នាំ២០២៨ ដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើតឱកាសការងារកាន់តែច្រើន និងកាន់តែប្រសើរឡើង តាមរយៈការសម្រេចបាននូវកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ ប្រកបដោយនិរន្តរភាព។

បច្ចុប្បន្ននេះ ហ្វីលីពីន​គឺ​ជា​ប្រទេស​មួយ ​ក្នុងចំណោមបណ្តា​ប្រទេស​ ដែលមានប្រាក់ចំណូល​មធ្យម​កម្រិត​ទាប​ ខណៈប្រជាជនហ្វីលីពីន មាន​ប្រាក់ចំណូល​​សរុប ​ជាមធ្យមចំនួន៤.២៣០ដុល្លារ​អាមេរិក ក្នុង​មួយនាក់កាលពីឆ្នាំ២០២៣។

លោក Arsenio Balisacan មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាតិបានលើកឡើងថា ហ្វីលីពីនត្រូវបានគេរំពឹងថា នឹងទទួលបាននូវឋានៈជាប្រទេស ដែលមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំក្រោយ ប្រសិនបើសេដ្ឋកិច្ចហ្វីលីពីន សម្រេចបានកំណើនយ៉ាងតិច ក្នុងរង្វង់៦ភាគរយនៅឆ្នាំនេះ និងរក្សាបាននូវដំណើរការសេដ្ឋកិច្ច ដ៏រឹងមាំនៅឆ្នាំក្រោយ។

ធនាគារ ADB បាននិងកំពុងជួយរដ្ឋាភិបាលហ្វីលីពីន ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដូចជា ភាពក្រីក្រ វិសមភាព និងការប្រែប្រួលអាកាសធាតុ ក៏ដូចជា ការបង្កើនភាពធន់ ការកែលម្អអភិបាលកិច្ច សមត្ថភាពស្ថាប័ន និងការលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ៕ប្រភព: PhilstarGlobal៕

LEAVE A REPLY

Please enter your comment!
Please enter your name here