ប្រជាជនចិនសម្រុកមកទិញផ្ទះនៅទីក្រុងហុងកុង ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៤

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីភ្នាក់ងារអចលនទ្រព្យ Centaline អះអាងថា ប្រជាជនចិនដីគោកបានសម្រុកមកទិញផ្ទះនៅទីក្រុងហុងកុង ក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២៤ បន្ទាប់ពីមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះបានលុបចោលនូវរាល់វិធានការទប់ស្កាត់នានា។

នៅចុងខែកុម្ភៈ ទីក្រុងហុងកុងបានលុបចោលកាតព្វកិច្ចបង់ពន្ធប្រថាប់ត្រាទាំងអស់ចំពោះជនបរទេស និងអ្នកទិញផ្ទះទី២បន្ថែម បន្ទាប់ពីតម្លៃផ្ទះបានធ្លាក់ចុះ២០ភាគរយបើធៀបនឹងកម្រិតកំពូលក្នុងឆ្នាំ២០២១ ដោយសារផលប៉ះពាល់ពីកំណើននៃអត្រាការប្រាក់លើកម្ចីទិញផ្ទះ។

ក្នុងអំឡុងឆមាសទី១ ឆ្នាំនេះ ផ្ទះថ្មី និងផ្ទះប្រភេទទី២ សរុបចំនួន៦.១១៧យូនីត ដែលមានតម្លៃសរុបចំនួន៩,០៣ពាន់លានដុល្លារ ត្រូវបានលក់ទៅកាន់ប្រជាជន ដែលធ្វើដំណើរមកពីតំបន់ចិនដីគោក។ នេះបើយោងតាមការស្ទង់មតិរបស់ទីភ្នាក់ងារ Centaline។

ចំនួនផ្ទះទាំង៦.១១៧យូនីត ដែលបានលក់ទៅឱ្យប្រជាជនចិន គ្របដណ្តប់ចំណែក២៥%នៃចំនួនផ្ទះសរុប ដែលត្រូវបានលក់ដាច់នៅឆមាសទី១ ខណៈទំហំប្រាក់ចំណូលពីការលក់ផ្ទះទៅឱ្យប្រជាជនចិនដដែល គ្របដណ្តប់ចំណែក៣១ភាគរយនៃទំហំប្រាក់ចំណូលសរុប។

ទីភ្នាក់ងារអចលនទ្រព្យ Centaline បានគូសបញ្ជាក់ថា ចំនួននៃការទិញផ្ទះគិតជាយូនីត និងប្រាក់ចំណូលពីការលក់ផ្ទះទៅឱ្យអ្នកទិញមកពីតំបន់ចិនដីគោក សុទ្ធតែបានកើនឡើងដល់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ព្រោះចំណែកទាំងនេះធ្លាប់បានធ្លាក់ចុះមកនៅត្រឹមកម្រិតទាបជាង១៥ភាគរយមុនឆ្នាំ២០២៣។

ទោះបីជាចំនួនអតិថិជនបរទេសមានការកើនឡើងយ៉ាងណាក្តី ក៏តម្លៃផ្ទះឯកជននៅទីក្រុងហុងកុងបានបាត់បង់សន្ទុះនៅក្នុងខែឧសភា ដោយបានធ្លាក់ចុះក្នុងរង្វង់១,២ភាគរយបើប្រៀបធៀបនឹងខែមេសា បន្ទាប់ពីកើនឡើងរយៈពេល២ខែជាប់ៗគ្នា ចាប់តាំងពីមានការលុបចោលវិធានការទប់ស្កាត់ការទិញផ្ទះគ្រប់ប្រភេទ៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here