ដំណឹងល្អៈទីផ្សារអចលនទ្រព្យនៅក្រុងបាវិតចាប់ផ្តើម កំរើកឡើងវិញហើយ

0

ដោយៈ គង់ សូរិយា

       បាវិតៈ ទីផ្សារអចលនទ្រព្យក្រុងបាវិត ខេត្តស្វាយរៀងបាន និងកំពុង មានសញ្ញាងើបឡើងវិញបណ្តើរៗហើយ ខណៈអ្នកវិនយោគចន ឥណ្ឌូនេស៊ីបាននិងកំពុងចូលទៅកាន់តំបន់នេះ។

        ការចាប់ផ្តើមបើកការដ្ឋាន សាងសង់ផ្លូវល្បឿនលឿនភ្នំពេ​ញ បាវិតក៏បាននិងកំពុងផ្តល់ក្តីសង្ឃឹម ដល់អ្នកនៅក្នុងតំបន់នេះ ពិសេសអ្នកវិនិយោគអចលនទ្រព្យក្នុងទីក្រុង ដែលស្ថិតនៅជាប់ព្រំប្រទល់ ប្រទេសវៀតណាមមួយនេះ។

        លោកប្រាក់ សៅ ប្រជាពលរដ្ឋ មានស្រុកកំណើតនៅទីក្រុងបាវិត និងបច្ចុប្បន្នកំពុងបំរើការងារ នៅធនាគារអេស៊ីលីដាបានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣០ កក្កដាកន្លងមកថា ទីផ្សារអចលនទ្រព្យ នៅកណ្តាលក្រុងបាវិត កំពុងមានសញ្ញាប្រសើរឡើង ទាំងការទិញ លក់ និងការជូល ប៉ុន្តែតម្លៃដីនៅតំបន់ជាយក្រុង ហាក់មិនទាន់មានសញ្ញាប្រសើរនៅឡើយទេ។

        លោកបន្តថា “ប្រជាពលរដ្ឋធ្វើផ្ទះជួលដូចជាផ្ទះល្វែង អាចជួលបានក្នុងតម្លៃចន្លោះ៨០០ ទៅ១២០០ដុល្លារ ផ្ទះវីឡាជួលបានក្នុងតម្លៃ៤០០០ ទៅ៥០០០ដុល្លារអាមេរិកក្នុងមួយខែ”។​លោកបន្តថា “តម្លៃដីដែលស្ថិតនៅតំបន់កាស៊ីណូ ក្នុងសង្កាត់ច្រកម្ទេស មានតម្លៃចន្លោះពី៧០ ទៅ១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ”។

        លោកបន្តទៀតថា ការកើនឡើងនូវការដោះដូរដីធ្លី និងតម្លៃកើនឡើងនេះ ដោយសារមានអ្នកវិនិយោគចិន ឥណ្ឌូនេស៊ី និងវៀតណាម ទៅធ្វើការងារនៅតំបន់នោះច្រើន ដែលនិន្នាការ​នេះបានកើតមាន ចាប់តាំងពីចុងឆ្នាំ២០២៣កន្លងមកនេះ ។

        ជាមួយគ្នានេះ អ្នកវិភាគអចលនទ្រព្យឯករាជ្យ លោកឧកញ៉ាឃាង ពុទ្ឋី បានមានប្រសាសន៍ឲ្យដឹងផងដែរថា តាមព័ត៌មានលោកទទួលបាន​ ពិតជាមានចរន្តនៃការវិនិយោគ និងមានការបើក កាស៊ីណូអនឡាញច្រើននៅទីក្រុងនេះ ដែលជាសញ្ញាផ្តល់ក្តីសង្ឃឹម ដល់អ្នកវិនិយោគ និងអ្នកអភិវឌ្ឍន៍អច​ល​នទ្រព្យនៅទីក្រុងបាវិត។

        លោកបន្តថា “សញ្ញាប្រសើរកំពុងកើតមានបណ្តើរៗ ប៉ុន្តែវាមិនទាន់ពុះកញ្រ្ជោលខ្លាំង ដូចមុនវិបត្តិកូវីដ១៩នៅឡើយទេ”។

        ផ្លូវល្បឿនលឿនភ្នំពេញ បាវិតជាផ្លូវល្បឿនលឿនទី២ ក្នុងប្រវត្តិសាស្រ្តកម្ពុជា បាននិងកំពុងដំណើរការ សាងសង់បណ្តើរៗ ដែលផ្លូវនេះដើរតួនាទីសំខាន់ ក្នុងការតភ្ជាប់ និងសមាហរណកម្មអាស៊ាន នៃយុទ្ឋសាស្រ្តត្បូង ត្បូង ដែលជាផ្លួវហាយវេអាស៊ានតភ្ជាប់រវាងប្រទេសថៃ តាមរយៈផ្លូវជាតិលេខ៥ ឆ្លងកាត់កម្ពុជា ឆ្ពោះទៅកាន់ប្រទេសវៀតណាម៕

LEAVE A REPLY

Please enter your comment!
Please enter your name here