ការវិនិយោគអចលនទ្រព្យឆ្លងដែននៅតំបន់អាស៊ីប៉ាស៊ីហ្វិក រំពឹងហក់ឡើងក្នុងឆមាសទី២នេះ

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ក្រុមហ៊ុនប្រឹក្សាយោបល់ ផ្នែកអចលនទ្រព្យឈានមុខគេ លើពិភពលោក Knight Frank បានព្យាករណ៍ថា ការវិនិយោគអចលនទ្រព្យឆ្លងដែន នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិកនឹងស្ទុះងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅឆមាសទី២ ឆ្នាំ២០២៤នេះ។

យោងតាមទិន្នន័យស្រាវជ្រាវចុងក្រោយបង្ហាញថា ទំហំការវិនិយោគអចលនទ្រព្យ ឆ្លងដែនត្រូវបានគេរំពឹងថា នឹងកើនឡើងជាង៣៣%ក្នុងឆមាសទី២ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលជំរុញយ៉ាងគំហុក ដោយការកាត់បន្ថយអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក (Fed)នាពេលខាងមុខ។

លោកស្រី Christine Li ប្រធានទទួលបន្ទុកផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Knight Frank ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បានលើកឡើងថា “ទំហំប្រតិបត្តិការវិនិយោគ នៅក្នុងតំបន់មានភាពធន់ ក្នុងរយៈពេល៣០ខែកន្លងមកនេះ បើទោះបីជាមានបញ្ហាហិរញ្ញវត្ថុសកល ការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន និងជំងឺរាតត្បាតយ៉ាងណាក្តី”។

ក្នុងនោះ ទីផ្សារអចលនទ្រព្យអូស្ត្រាលី ​ត្រូវ​បាន​គេ​ព្យាករ​ណ៍ថា​ នឹង​ក្លាយ​ជា​គោលដៅ​កំពូល​ ក្នុងការទាក់ទាញ​ទំហំ​វិនិយោគ​ឆ្លង​ដែន​ក្នុង​ឆមាស​ទី​២ ដែល​រំពឹងថា អាចនឹង​កើនឡើង១២៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។

សម្រាប់រយៈពេលពេញ១ឆ្នាំ អូស្ត្រាលីត្រូវបានគេរំពឹងថា នឹងទាក់ទាញបានចំណែក៣៦% នៃលំហូរវិនិយោគឆ្លងដែនសរុបទៅទូទាំងតំបន់។

ជាមួយគ្នានេះ ប្រទេសជប៉ុនត្រូវបានគេរំពឹងថា នឹងទាក់ទាញបានចំណែក២៣% នៃលំហូរវិនិយោគឆ្លងដែនសរុបនៅតំបន់អាស៊ីប៉ាស៊ីហ្វិកក្នុងឆ្នាំ២០២៤ ខណៈក្រុមវិនិយោគិនអន្តរជាតិកំពុងឈានជើងចូល ទៅក្នុងទីផ្សារជប៉ុនឡើងវិញជាបណ្តើរៗ។

ជាក់ស្តែង ក្រុមហ៊ុនអាមេរិក BentallGreenOak បានទិញយកអគារប្រើប្រាស់ចម្រុះ Honmachi Garden City ក្នុងទីក្រុង Osaka ពីក្រុមហ៊ុនជប៉ុន Sekisui House REIT ក្នុងតម្លៃ៤២២,៩លានដុល្លារក្នុងខែឧសភា ឆ្នាំ២០២៤។

ចំណែកប្រទេសសិង្ហបុរី ត្រូវបានព្យាករណ៍ថា នឹងទាក់ទាញបានចំណែក១១% នៃលំហូរវិនិយោគឆ្លងដែនសរុបចូលមកកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។

ថ្វីបើមានការដកថយជាទូទៅ ពីអ្នកវិនិយោគក្នុងស្រុក និងអន្តរជាតិយ៉ាងណាក្តី ក៏ប៉ុន្តែទីផ្សារអចលនទ្រព្យ របស់សិង្ហបុរីនៅតែបន្តបង្ហាញពីភាពទាក់ទាញ ចំពោះដើមទុនសកល៕ប្រភព: Knight Frank៕

LEAVE A REPLY

Please enter your comment!
Please enter your name here