ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រុមហ៊ុនដឹកជញ្ជូនCOSCO របស់ប្រទេសចិនបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន Fortescue របស់អូស្ត្រាលី ដើម្បីរួមគ្នាបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ឥន្ធនៈបៃតង សំដៅកាត់បន្ថយការបំពុល ចេញពីឧស្សាហកម្មដឹកជញ្ជូន។

ខ្លឹមសារនៃអនុស្សរណៈ នៃការយោគយល់គ្នានេះ រួមមានការសាងសង់ និងការដាក់ពង្រាយកប៉ាល់ដឹកទំនិញ ដែលដើរដោយឥន្ធនៈបៃតង ដើម្បីដឹកជញ្ជូនរ៉ែដែក និងសារធាតុរ៉ែផ្សេងទៀត សំដៅកាត់បន្ថយការបំភាយឧស្ម័នកាបូន នៅតំបន់ច្រករបៀងដឹកជញ្ជូនរ៉ែដែករវាងចិន និងអូស្ត្រាលី។
-->
ក្រុមហ៊ុន COSCO Shipping ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងសៀងហៃ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី WeChat របស់ខ្លួនថា “យើងប្តេជ្ញាបង្កើនកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសកល ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍បៃតង និងនិរន្តរភាពយ៉ាងសកម្ម នៅក្នុងឧស្សាហកម្មដឹកជញ្ជូន”។
ចំណែក ភាគីFortescue ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកបច្ចេកវិទ្យាបៃតង ថាមពល និងការរំលាយលោហធាតុ បានអះអាងថា “កិច្ចសហប្រតិបត្តិការនេះ ជាការបោះជំហានដ៏ធំមួយទៀត ក្នុងការកាត់បន្ថយការបំពុល របស់ឧស្សាហកម្មដឹកជញ្ជូនទៅក្នុងបរិយាកាស”។
លោក Dino Otranto នាយកប្រតិបត្តិក្រុមហ៊ុន Fortescue បានលើកឡើងថា“ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ ផ្នែកប្រតិបត្តិរបស់ក្រុមហ៊ុន Fortescue បានស្នាក់នៅប្រទេសចិន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីពិភាក្សាជាមួយដៃគូ ដ៏មានសក្តានុពល សម្រាប់កិច្ចសហការលើគម្រោងអនុវត្តន៍រួមគ្នា”។
យោងតាមសេចក្តីរាយការណ៍ ដោយសារពត៌មាន Reuters បានឱ្យដឹងថា ក្រុមហ៊ុន Fortescue ធ្លាប់បានតេស្តសាកល្បង ប្រើប្រាស់ថាមពលអាម៉ូញាក់ជាឥន្ធនៈ បម្រើឱ្យវិស័យដឹកជញ្ជូន នៅក្នុងកំពង់ផែរបស់ប្រទេសសិង្ហបុរី ជាលើកដំបូងនៅលើពិភពលោក៕