តើការជួលទីតាំងលក់រាយនៅទីក្រុងភ្នំពេញ គូឡាឡាំពួរ និងសិង្ហបុរីមានតម្លៃបែបណា?

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យលក់រាយ ដូចជា ផ្សារទំនើប និងទីតាំងហាងលក់ទំនិញ នៅតាមដងផ្លូវធំៗនៅតំបន់អាស៊ាន មានតម្លៃ និងអត្រាគ្របដណ្តប់ការជួល(Occupancy rate)ខុសៗគ្នា អាស្រ័យទៅតាមបរិបទរបស់ប្រទេសនីមួយៗ។

ខាងក្រោមនេះ ជាស្ថានភាពតម្លៃជួលទីតាំងលក់រាយ នៅទីក្រុងចំនួន៣ ក្នុងតំបន់អាស៊ាន គិតត្រឹមដំណាច់ត្រីមាសទី២ ឆ្នាំ២០២៤៖

ទី១៖ រាជធានីភ្នំពេញ ប្រទេសកម្ពុជា

តម្លៃជួលទីតាំងលក់រាយប្រចាំខែ ជាមធ្យមនៅទីក្រុងភ្នំពេញ មានតម្លៃប្រហែល២៥ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ដែលថោកជាងតម្លៃជួល នៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD)របស់ទីក្រុងបាងកក ចំនួនពាក់កណ្តាល និងស្មើនឹង១ភាគ៥ នៃតម្លៃជួលនៅតំបន់ CBD របស់ទីក្រុងហូជីមិញ។

ចំណែក អត្រាគ្របដណ្តប់ការប្រើប្រាស់ ឬជួលទីតាំងលក់រាយជាមធ្យមនៅរាជធានីភ្នំពេញ(Occupancy rate) ក្នុងឆមាសទី១ ឆ្នាំ២០២៤ បានស្ថិតក្នុងរង្វង់៥៨,៧ភាគរយ បើប្រៀបធៀបទៅនឹងអត្រា៦៨,៥ភាគរយ នៅក្នុងឆមាសទី១ ឆ្នាំ២០២៣។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

ទី២៖ ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

ការផ្គត់ផ្គង់ទីតាំងលក់រាយ ដែលមានស្រាប់នៅក្នុងទីក្រុងគូឡាឡាំពួរ(KLC) មានទំហំសរុបចំនួន១៤,៩០លានហ្វីតការ៉េនៅក្នុងឆមាសទី១ ខណៈការផ្គត់ផ្គង់ទីតាំងលក់រាយ ដែលមានស្រាប់ នៅក្នុងតំបន់ជាយក្រុងគូឡាឡាំពួរ(KLF) មានទំហំសរុបចំនួន១៩,៤លានហ្វីតការ៉េ។

ទីតាំងលក់រាយ នៅតាមផ្សារទំនើបធំៗ ដូចជា ផ្សារទំនើបSuria KLCC និងផ្សារទំនើប Pavilion Kuala Lumpur មានតម្លៃជួលសរុបប្រចាំខែ ជាមធ្យមចំនួន៤១រីងហ្គីត(ប្រហែល៨,៧៩ដុល្លារ) និង៣០រីងហ្គីត (ប្រហែល៦,៤៣ដុល្លារ) ក្នុងមួយហ្វីតការ៉េរៀងៗគ្នា។ ផ្សារទំនើបទាំង២នេះ ទទួលបានអត្រាគ្របដណ្តប់ការជួលក្នុងរង្វង់៩៦% និង៩៥,២%រៀងគ្នា។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ។

ទី៣: ទីក្រុងសិង្ហបុរី

នៅត្រីមាសទី២ ឆ្នាំនេះ តម្លៃជួលទីតាំងលក់រាយប្រចាំខែជាមធ្យម នៅទូទាំងប្រទេសកូនកោះមួយនេះ បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៣,៨ភាគរយ និងក្នុងអត្រាប្រចាំត្រីមាស០,៩ភាគរយ ដល់២៧,៤ដុល្លារសិង្ហបុរី (ប្រហែល២០,៣៨ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank ។

ចំណែកតម្លៃជួលទីតាំងលក់រាយ ប្រចាំខែនៅតំបន់ជាយក្រុង បានកើនឡើងក្នុងអត្រាប្រចាំឆ្នាំ៤,៦ភាគរយ និងក្នុងអត្រាប្រចាំត្រីមាស១,២ភាគរយ ដល់២៦,៥០ដុល្លារសិង្ហបុរី(ប្រ​ហែល១៩,៧២ដុល្លារអាមេរិក) ក្នុងមួយហ្វីតការ៉េ (១ហ្វីតការ៉េ=០,០៩២៩ម៉ែត្រការ៉េ)៕ប្រភព: CBRE & Knight Frank ៕

LEAVE A REPLY

Please enter your comment!
Please enter your name here