ដោយ: គង់ លាងហួរ
អន្តរជាតិ: ហ្វីលីពីនកំពុងស្វែងរកប្រាក់កម្ចី ពីស្ថាប័នហិរញ្ញវត្ថុជប៉ុន និងអាមេរិក ដើម្បីជំរុញគម្រោងផ្លូវរថភ្លើង Subic-Clark ដែលមានតម្លៃ៨៥០លានដុល្លារ ឱ្យមានសន្ទុះឡើងវិញ បន្ទាប់ពីចិនបានដកខ្លួនចេញពីគំនិតផ្តួចផ្តើមនេះ។

ផ្លូវដែកនេះនឹងតភ្ជាប់ តំបន់ឆកសមុទ្រSubic ដែលជាអតីតមូលដ្ឋានទ័ពជើងទឹកអាមេរិក ដែលបច្ចុប្បន្នជាមជ្ឈមណ្ឌ លពាណិជ្ជកម្ម និងជាផ្នែកមួយដ៏សំខាន់ នៅក្នុងច្រករបៀងសេដ្ឋកិច្ច Luzon ជាមួយទីក្រុងClark ដែលធ្លាប់ជាមូលដ្ឋានទ័ពអាកាសអាមេរិក។

-->
ច្រករបៀងនេះ គឺជាគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចរួមគ្នា រវាងសហរដ្ឋអាមេរិក ជប៉ុន និងហ្វីលីពីន ដែលត្រូវបានផ្តួចផ្តើមឡើង នៅក្នុងអំឡុងកិច្ចប្រជុំកំពូលត្រីភាគី នាពេលថ្មីៗនេះនៅឯសេតវិមានរបស់ទីក្រុងវ៉ាស៊ីនតោន។
ទន្ទឹមនឹងនេះ ហ្វីលីពីនសង្ឃឹមថា ស្ថាប័នហិរញ្ញវត្ថុអាមេរិក និងជប៉ុនអាចនឹងឈានជើងចូល ដើម្បីស្តារគម្រោងទាំងមូលឡើងវិញ។លើសពីនេះ ហ្វីលីពីនក៏កំពុងព្យាយាមទាក់ទាញការបោះទុនវិនិយោគ មកពីប្រភពផ្សេងបន្ថែម ដូចជាអូស្ត្រាលី និងឥណ្ឌា។
លោក Delfin Lorenzana ប្រធានអាជ្ញាធរបំប្លែង និងអភិវឌ្ឍន៍មូលដ្ឋាន (BCDA) បានថ្លែងប្រាប់កាសែត Nikkei Asia ថា “យើងសង្ឃឹមថាក្រុមហ៊ុនជប៉ុនណាមួយ ឬស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋាភិបាលជប៉ុន នឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងនេះ”។
លោកបានលើកឡើងថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) និងក្រុមហ៊ុនសាជីវកម្មវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធក្រៅប្រទេសរបស់ជប៉ុន ខាងផ្នែកដឹកជញ្ជូន និងការអភិវឌ្ឍទីក្រុង (JOIN) គឺជាស្ថាប័នដែលមានសក្តានុពល សម្រាប់គម្រោងនេះ។
លោក Lorenzana បានបន្ថែមថា “យើងសង្ឃឹមថា យើងនឹងទាក់ទាញបានវិនិយោគិនអាមេរិក និងជប៉ុនកាន់តែច្រើនមកកាន់តំបន់ ទីក្រុងសេដ្ឋកិច្ចពិសេស Clark ព្រោះការទាក់ទាញទុនវិនិយោគបរទេស មកកាន់តំបន់នេះ មានសារៈសំខាន់ជាយុទ្ធសាស្រ្ត”៕ប្រភព: Eurasian Times៕